(ភ្នំពេញ)៖ សេវាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ពិសេសក្នុងដំណាក់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយរយៈពេល៨ខែ ឆ្នាំ២០២១នេះបានផ្តល់សេវាជូនអ្នកជាប់ពន្ធជិត១០ម៉ឺនករណី កើតឡើង៤២.៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីទិន្នន័យនៃការ ផ្តល់សេវាពិគ្រោះយោបល់ក្នុងរយៈពេល៨ខែដូចខាងក្រោម៖

* ទូរស័ព្ទ (Call Center) 1277 មានចំនួន៦២,៥៤៨ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន៣០,០៥៧ករណី
* GDT Live Chat មានចំនួន ៣០,២៤៨ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន៣៥,៥៨៧ករណី
* បណ្តាញទំនាក់ទំនងសង្គម Facebook មានចំនួន២,២៨២ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៨៨៥ករណី
* កម្មវិធី «ពន្ធដារកម្ពុជា» មានចំនួន២៦ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២៨ករណី
* កម្មវិធី «រៀនអំពីពន្ធដារតាមអនឡាញ» មានចំនួន២៥ករណី
* GDT NEWS Chanel មានចំនួន១,២២៣ករណី។

ជាការកត់សម្គាល់អគ្គនាយកដ្ឋានពន្ធដារ បានពង្រឹង និងបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈសេវាពិគ្រោះយោបល់ ទាំងនេះ ដើម្បីធ្វើយ៉ាងបន្ថយការលំបាក ឲ្យបានជាអតិបរិមាជូនដល់អ្នកជាប់ពន្ធ។

ពិសេសជាងនេះទៀត អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានមើលឃើញជាស្ថាប័នរដ្ឋគំរូមួយ ដែលមាន Call Center ច្បាស់លាស់ ដើម្បីជួយដោះស្រាយរាល់បញ្ហានានា ជូនដល់អ្នកប្រើប្រាស់ ដែលជួបប្រទះបញ្ហាក្នុងការបង់ពន្ធ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេឃើញថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននេះ គឺលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត តែងតែបង្ហាញមុខតាមរយៈការផ្សាយផ្ទាល់លើក Facebook របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបកស្រាយចម្ងល់ផ្សេងៗ ដល់អ្នកជាប់ពន្ធ។

សូមបញ្ជាក់ថា ទោះបីកម្ពុជាជួបប្រទះនូវការរាតត្បាតជំងឺកូវីដ១៩ក្តី ក៏រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បាន១,៩០៩លានដុល្លារអាមេរិក ដែលស្មើនឹងជាង៨៥ភាគរយ នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ៕