(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានផ្តល់អំណោយជាអង្កររបស់ក្រុមហ៊ុន ចែកជូនដោយផ្ទាល់ដៃ ជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ១៩។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅមុខសាខាក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) តាមបណ្តោយជាតិលេខ១ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

នាឱកាសនេះ លោក ចេង មុនីរ៉ា បានបន្តថា យ័ន្តដ៏ស័ក្តិសិទ្ធិ ដែលអាចការពារបងប្អូនមិនអោយឆ្លងជំងឺកូវីដ១៩ ពិសេសគឺការពារអាយុជីវិតបងប្អូនទៀតនោះ គឺ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា។ លោក ចេង មុនីរ៉ា បានបញ្ជាក់ថា នៅខណ្ឌច្បារអំពៅ មកដល់រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ១១៣នាក់ហើយ ហើយចំពោះក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងរួចរាល់ បាន៩៩ភាគរយ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការព្រួយបារម្ភ ឱ្យសោះ ទោះក្នុងកាលៈទេសៈណា ក៏អាជ្ញាធរតែងតែជាមួយបងប្អូនជានិច្ច ពិសេសនោះគឺសម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយគិតិបណ្ឌិតឈ្លៀសវៃរបស់កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋក្នុងប្រទេសជានិច្ច មិនថាក្នុងកាលៈទេសៈបែបណា ជួបនូវបញ្ហាតូចធំបែបណាឡើយ គឺសម្តេចតែងតែនៅនៅគៀកបង្កើយ ដើម្បីចាំគិតគូរ ចាំជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រចាពលរដ្ឋជានិច្ច។ នេះជាការយកចិត្តទុកដាក់ចំពោះអាយុជីវិតប្រជាពលរដ្ឋ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន។

លោក ចេង មុនីរ៉ា ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភអង្ករ ជួយដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខណ្ឌ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

តំណាងក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានថ្លែងថា ក្រុមហ៊ុន បាននិងកំពុងចែកអង្ករជូនប្រជាពលរដ្ឋក្រីក្រ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ១៩ បានចំនួន១៣ រាជធានី-ខេត្តហើយ រហូតមកដល់ពេលនេះ៕