(រតនគិរី)៖ «ផ្សារបានលុង» ត្រូវបានរដ្ឋបាលខេត្តរតនគិរី បើកដំណើរការឡើងវិញ ក្រោយបានបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩ និងកាត់ផ្ដាច់ការចម្លងទាន់ពេលវេលា។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី ស្ដីពីការបញ្ចប់ការបិទ និងបើកឲ្យដំណើរការផ្សារបានលុងឡើងវិញ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានបញ្ចប់ការបិទ និងបើកឲ្យដំណើរការផ្សារបានលុងឡើងវិញ ក្រោយបានសម្រេចបិទជាបណ្ដោះអាសន្ន ដោយសេចក្ដីសម្រេចចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តរតនគិរី។

ក្រោយបើកឡើងវិញ អ្នកដែលពាក់ព័ន្ធនឹងទីតាំងខាងលើ ដែលបានផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ហើយមានលទ្ធផលអវិជ្ជមាន ត្រូវបន្ដធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនរយៈពេល១៤ថ្ងៃ ដោយត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល និងការអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីសុខភាពមានការប្រែប្រួល ត្រូវប្រញាប់ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ម្ដងទៀត៕