(សៀមរាប)៖ នៅដើមខែកញ្ញា នេះ នៅតាមតំបន់នានា ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់នីមួយៗ។ ការណ៍នេះ ធ្វើឱ្យតំប់នខ្លះនៅស្រុកអង្គរជុំ មានជំនន់ទឹកភ្លៀងរយៈពេលខ្លីផងដែរ។

អភិបាលស្រុកអង្គរជុំ លោក លុក ផុស បានប្រាប់ Fresh News ថា នៅយប់ថ្ងៃទី១៣ ខែកញ្ញាថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សរុប៣០គ្រួសារ។ លោកបន្ថែមថា ការជន់លិចនេះមានរយៈពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរកំពុងដោះស្រាយជាបន្ទាន់ហើយដែរ។

លោកអភិបាលស្រុក កំពុងដឹកនាំក្រុមការងារចុះកាយ នៅតាមប្រឡាយនានាដែលស្ទះ បន្ទាប់មកក្រុមការងារបានកាយតាមកន្លែងដែលស្ទះរួច ទឹកបានក៏ស្រកមួយរំពេចនោះដែរ៕