(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល១០ម៉ោង ក្រោយពេលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សុខភាពរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែល្អជាធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរយៈពេល ១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា»

សម្តេចតេជោបន្ថែមថា «អ្វីដែលខុសពីធម្មតា គឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ»

សម្តេចតេជោ ក៏បានបញ្ជាក់ពីសុខភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា សុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺកាន់តែប្រសើរ ព្រោះចាក់វ៉ាកសាំងភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតា ព្រោះថ្ងៃនេះជាថ្ងៃសីល។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

ជាមួយនឹងការចាក់ដូសទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា នឹងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រា សម្រាប់ប្រជាពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ រួចរាល់ទៅតាមពេលវេលាត្រូវចាក់ គិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី ៤ ទៅ៦ខែ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា មកដល់ពេលនេះកម្ពុជា ចាក់ដូសទី៣ ឬដូសជំរុញ បានជិត ៧៨មុឺននាក់ហើយ៕