(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភបង់អង្គុយចំនួន ៦៩ ជូនសាលាខេត្ត សាលាក្រុង សាលាស្រុក សាលាឃុំ អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានរថក្រោះស្នងការដ្ឋាននគរបាល និងមន្ទីរពេទ្យបង្អែក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដល់កន្លែងអង្គុយប្រកបដោយផាសុកភាព ដល់មន្ត្រីរាជការ បុគ្គលិកប្រចាំការ និងប្រជាពលរដ្ឋ នៅតាមស្ថាប័ននីមួយៗ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះជាការរួមចំណែកមួយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ និងសម្រាប់ជាប្រយោជន៍ដល់មន្ត្រីរាជការ បុគ្គលិកប្រចាំការ និងប្រជាពលរដ្ឋ មានកន្លែងអង្គុយសមរម្យ ក្រោយពេលសម្រាកពីការងារ និងរាល់ពេលមកប្រើប្រាស់សេវាសាធារណៈផ្សេងៗផងដែរ»

គួរបញ្ជាក់ផងដែរថា បង់អង្គុយទាំង ៦៩ ត្រូវបានរៀបចំដាក់នៅតាមទីតាំងចំនួន ១០ រួមមាន៖ សាលាខេត្តបន្ទាយមានជ័យ សាលាក្រុងសេរីសោភ័ណ្ឌ សាលាស្រុកព្រះនេត្រព្រះ សាលាស្រុកស្វាយចេក សាលាឃុំគោកកឋិន អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ មូលដ្ឋានកងរាជអាវុធហត្ថព្រះនេត្រព្រះ បញ្ជាការដ្ឋានរថក្រោះអង្គភាពប្រចាំទិសយោធភូមិភាគទី៥ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ៕