(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយម៉ាស៊ីនបញ្ចូលអុកស៊ីសែនចំនួន១ឈុត ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទុកជួយសង្គ្រោះបន្ទាន់ដល់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែបានចុះមកពិនិត្យមើលទីតាំងដែលខ្វះខាតអុកស៊ីសែន និងផលវិបាកនានាក្នុងការ ដឹកជញ្ជូនទៅបញ្ចូល អុកស៊ីសែននៅភ្នំពេញ ទើបលោកបានផ្តល់ម៉ាស៊ីន១ឈុតដល់មន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់ និងបង្កើនការងាយស្រួលក្នុងជួយសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ម៉ាស៊ីនបញ្ចូលបំពង់អុកស៊ីសែន អាចបញ្ចូលក្នុងរយៈពេល១ម៉ោង បានរហូត១០ធុង (ចំណុះចំនួន៤០លីត្រ ក្នុង១ធុង) ដែលបានផ្តល់ភាពងាយស្រួលដល់មន្ទីរសុខាភិបាល កាត់បន្ថយពេលវេលាបានច្រើន ក្នុងការដឹកជញ្ជូនធុងអុកស៊ីសែនទៅបញ្ចូលនៅរាជធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋក្នុងសម័យកាលកូវីដ១៩ នៅតាមខេត្តដាច់ស្រយាល់ដូចជាខេត្តកោះកុងជាដើម។

លោកវេជ្ជបណ្ឌិតឲ្យដឹងបន្ថែមថា ចំពោះអត្រាកូវីដ១៩ នៅខេត្តកោះកុង មានការថយចុះច្រើននេះ ដោយសារប្រជាពលរដ្ឋយល់ដឹងច្រើន ហើយចូលរួមការពារទប់ស្កាត់ និងអនុវត្តន៍នៅវិធានការ «៣ការពារ និង៣កុំ» ជាប់ជានិច្ច ជាពិសេសរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់តាំងពីអាយុ១២ឆ្នាំ រហូតដល់ចាស់ជរា និងបានចាក់គ្រប់ដូសទាំងអស់គ្នា ដែលមានចំនួនសរុបជាង ១៤ម៉ឺននាក់ សម្រាប់ពលរដ្ឋក្នុងខេត្តកោះកុង ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ មានចំនួនតិចណាស់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ មន្ទីរសុខាភិបាល នឹងបន្តរៀបចំកន្លែងទីតាំង សម្រាប់ចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពតាមស្រុក និងនៅមន្ទីរសុខាភិបាលខេត្ត ដោយសារថ្ងៃទី១៥ ខែកញ្ញានេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំ ចាប់ពីអាយុ១៨ឡើងទៅ តែប្រជាពលរដ្ឋដែលគាត់នៅឆ្ងាយមិនទាន់បានចាក់វ៉ាក់សាំង អាចធ្វើការទំនាក់ទំនងមកមណ្ឌលសុខភាពតាមស្រុក ដើម្បីទទួលព័ត៌មានពីក្រុមគ្រូពេទ្យ ក្នុងការចាក់វ៉ាក់សាំងដូសទី១៕