(ខេត្តព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនជាតិចិនចំនួន៥នាក់ជាបន្តបន្ទាប់ ករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ និងរំដោះបានជនរងគ្រោះម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែងនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកញ្ញា ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian។

បុរសជនជាតិចិនរូបនេះបានប្រាប់ថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា គាត់កំពុងចេញធ្វើដំណើរ ទៅកំពង់ផែ ដោយមានរថយន្ត១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងរហូត។

លុះដល់វេលាម៉ោង៩យប់ថ្ងៃដដែលនោះ ស្រាប់តែជនរងគ្រោះឈ្មោះ Yi GengFa បានឆាតមកខ្ចីប្រាក់គាត់ចំនួន ៨,០០០យ័ន។ បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែជនរងគ្រោះសុំខ្ចីចំនួន ៦,០០០ដុលារថែមទៀត តែគាត់មិនបានវេរឱ្យទេ ដោយមានការសង្ស័យគាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានឱ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ រហូតឈានដល់កំណត់បានអត្តសញ្ញាណរថយន្ត ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយចាប់ជំរិតជនរងគ្រោះ គឺរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799។

ជនរងគ្រោះមានឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ លិខិតឆ្លងដែនលេខៈ E87002497 មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសង្ខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី២៖ ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី៣៖ ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី៤៖ ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
និងទី៥៖ ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ) សោរដោះខ្នោះដៃចំនួន០២, រថយន្ត ០២គ្រឿង ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799។ (មធ្យោបាយប្រព្រឹត្តបទល្មើស) និងម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BB-0150។ (មធ្យោបាយប្រព្រឹត្តបទល្មើស)។ ចំពោះជនសង្ស័យខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕