(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ

សេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយចំណូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ និងដើម្បីបង្ហាញពីភក្តីភាពឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជា ការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋាន ទាំងអស់ដូចខាងក្រោម៖

១៖ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវសារាចរណែនាំលេខ០២ ស.រ.ណ.ន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា លិខិតជូនដំណឹងលេខ៤៨២ ស.ជ.ណ.ហ.ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹងលេខ១៩៨៣/២១ អគរ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសេចក្តីសម្រេចនានាផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ស្តីអំពីការបង់ពន្ធយានយន្តឯកជនដែលជ្រក ក្រោមផ្លាកលេខខេមរភូមិន្ទ។

២៖ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយុទ្ធពលខេមរភូមិន្ទនិងអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយុទ្ធពលខេមរភូមិន្ទ ជាពិសេសការគោរពនូវឋានានុក្រមកងទ័ព និងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងច្បាប់ជាធរមាន។

៣៖ បញ្ឈប់រាល់ការស្នើបណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្តាំកែទៅជាចង្កូតឆ្វេង រីឯរថយន្ត ចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១ អ គ រ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។

៤៖ អប់រំជាបន្ទាន់ដល់យោធិនថ្នាក់ក្រោមឱ្យយល់និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិ១កូវីដ-១៩ ឱ្យហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងស្មោះត្រង់ដាច់ខាតឥតងាករេ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៥៖ បញ្ឈប់ជាបន្ទាន់នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខខេមរភូមិន្ទទៅឱ្យអ្នកដទៃ។ ប្រសិនបើរកឃើញថាមានហេតុការណ៍ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖