(ភ្នំពេញ)៖ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន និងជាអតីតនិស្សិតសាលាតិចណូ បានទទួលមរណភាពនៅវ័យ ២២ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមលោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលិខិតរំលែកទុក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលផ្ញើទៅគ្រួសារសព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពិតជាមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រសិក្សា នៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ»

ក្នុងវេលាប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមរំលែកទុក្ខដោយក្តីសង្វេគ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិ នៃសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។

លោក អ៊ុ វុទ្ធទី បានបន្ថែមថា សពជានិស្សិត ឆ្នាំទី៣ ជំនាញវិស្វករផ្នែកស្ថាបត្យកម្ម មានស្រុកកំណើតបាត់ដំបង បានស្លាប់ដោយសាររោគាពាធ ពោលគឺមានសុខភាពទ្រុឌទ្រោមខ្លាំង។ លោក អ៊ុ វុទ្ធទី បានរាយការណ៍ទៅស្ថានកុងស៊ុលកម្ពុជា នៅក្រុងធានជីង និងបានទាក់ទងម្តាយសព នៅស្រុកកំណើត ហើយគ្រួសារនៃសព ក៏សំណូមពរឲ្យបូជាសពនៅចិនតែម្តង ដើម្បីយកធាតុមកខ្មែរ។

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានខិតខំប្រឹងប្រែងសម្របសម្រួលការងារនេះយ៉ាងខ្លាំង ពោលគឺកំពុងសហការជាមួយកុងស៊ុល ដើម្បីសហការជាមួយអាជ្ញាធរចិន ក្នុងការរៀបចំបូជាសព៕