(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក បន្តរិតបន្តឹងទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩ ជាពិសេសការរឹតបន្តឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ លើពលករខ្មែរ ដែលសម្រុកចូលមកកម្ពុជាវិញ តាមច្រកអន្តរជាតិ ឬច្រករបៀងនានា ដោយត្រូវត្រួតពិនិត្យសុខភាពរបស់ពួកគាត់ឱ្យបានត្រឹមត្រូវ ខណៈកន្លងមកមន្រ្តីជំនាញ នានាបានបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងល្អជាដើម។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាព ខេត្តបាត់ដំបង ប្រចាំខែសីហា នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត លោក មេបញ្ជាការ មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានាជុំវិញខេត្តចូលរួមផងដែរ។

លោកអភិបាលខេត្ត បានជំរុញយ៉ាងដូច្នេះថា៖ «មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក បន្តរឹតបន្តឹងទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាល នៅតាមសហគមន៍ ពិសេសរឹតបន្តឹងនៅតាម បន្ទាត់ព្រំដែនថៃ ពាក់ព័ន្ធពលករខ្មែរយើងដែលបានសម្រុកចូលមកកម្ពុជាវិញ មកលេងផ្ទះត្រូវបាប់បញ្ជូនពលករខ្មែរ ឬគាត់ចូលមកដោយខ្លួនឯងក្តីមកវិញចូលតាមច្រករបៀងនានា ឬច្រកអន្តរជាតិក្តី ត្រូវត្រួតពិនិត្យមើល សុខភាពរបស់ពួកគាត់កន្លងមក មន្រ្តីជំនាញនានា នៃរដ្ឋបាលខេត្តខិតខំធ្វើបានល្អ»

បន្ថែមពីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលកន្លងមកនេះមានពលករដែលត្រូវសមត្ថកិច្ចបានបញ្ជូនមក ដែលត្រូវធ្វើចត្តាឡីស័កដែលមានស្រាប់នៅតាមមណ្ឌលរយៈពេល១៤ថ្ងៃសិន ដោយមានមន្រ្តីជំនាញ ប្រចាំការចុះពិនិត្យសុខភាពជូនពលកររាល់ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី Delta ដែលបាននាំចូលពីប្រទេសថៃ តាមច្រកផ្សេងៗ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រប់ពេលនិងបន្តធ្វើប្រចាំថ្ងៃដោយម៉ាស៊ីនតេស្តរហ័ស ឬពិនិត្យទៅតាមការជាក់ស្តែង។

ជុំវិញការបើកឱ្យដំណើរការសាលារៀនឡើងវិញ លោកអភិបាលខេត្ត បានបន្តថា ក្នុងការបើកឱ្យដំណើរកាសាលាឡើងវិញឆ្នាំ២០២១នេះ គឺជំហានទី១ ឱ្យសិស្សចូលរៀនវិញក្នុងជំហានដំបូង គឺបើកឱ្យសិស្សតែថ្នាក់ទី៩ និងទី១២ ថ្នាក់វិទ្យាល័យម្យ៉ាងទៀត ជាថ្នាក់កម្រិត ដែលត្រូវប្រលងផង និងថ្នាក់បឋមសិក្សា គឺទីថ្នាក់ទី៦ ដោយយកតែតំបន់មានហានិភ័យទាប ដោយមានការកិច្ចសហការត្រួតពិនិត្យមុនជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ហើយសិស្សទាំងនោះត្រូវបានចាក់វ៉ាក់សាំងរួចហើយផងដែរ ដោយគោរពតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានលើកឡើង៤ចំណុចរួមមាន៖

*ទី១៖ ផ្សព្វផ្សាយផែនការ ត្រៀមការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
ដោយ លោក យឹម សៀន អភិបាលរងខេត្ត។
*ទី២៖ ដំណើរការនៃការបើកសាលារៀនឡើងវិញដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
*ទី៣៖ រាយការណ៍អំពីដំណើរការចាក់វ៉ាក់សាំង នៅតាមបណ្តាក្រុង ស្រុក ដោយអភិបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្ត។
*និងទី៤៖ មតិចូលរួមសមាជិកសមាជិការ នៃអង្គប្រជុំពីបញ្ហាប្រឈមនានាមួយចំនួនជូនលោកអភិបាលខេត្ត ដើម្បីជួយដោះស្រាយផងដែរ។

សូមបញ្ជាក់ថា ចំពោះសាលាឯកជនពុំទាន់អនុញ្ញាតឱ្យសិស្សចូលរៀនបាននៅឡើយទេ ដោយរងចាំការឆ្លងកូវីដ១៩ មានការថមថយចុះសិន ឬរងចាំទៅតាមការពិនិត្យ និងលទ្ធផលមកល្អប្រសើជាក់ស្តែងសិន៕