(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថា មេដាយមាសន្តិភាពពិភពលោក «World Summit Peace» ដែលសម្តេចទទួលបាន គឺជាកិត្យានុភាពជាតិកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារលិខិតថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រខ្មែរ ចំពោះព្រះរាជសារអបអរសាទរជូនសម្តេច។

ក្នុងលិខិតថ្វាយព្រះមហាក្សត្រខ្មែរ ដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរព្រមទាំងប្រសិទ្ធិពរបវរមហាប្រសើរចំពោះសម្តេច និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្តេចមានមហាកិត្តិយសឧត្តុង្គឧត្តមទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក» ក្នុងនាមជាសហប្រធានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រយ៉ាងដូច្នេះ «ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះផងដែរ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុត សម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមាន ដែលទូលព្រះបង្គំជាខ្ញុំបានទទួលនាឱកាសនេះ គឺជាកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយក៏ជាជោគជ័យនៃប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឫទ្ធីបារមីនៃព្រះករុណាអង្គព្រះមហាក្សត្រ ព្រមទាំងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែង ប្រទាននូវការគាំទ្រជាអតិបរមារៀងរហូតមក»។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលបានមេដាយសន្តិភាពពិភពលោក (World Summit Peace) ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។ ការទទួលបានមេដាយនេះ អមជាមួយទឹកប្រាក់ ១លានដុល្លារផងដែរ។ ទឹកប្រាក់ ១លានដុល្លារនេះ ត្រូវបានសម្តេចតេជោ បរិច្ចាគសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។

តាមរយៈការទទួលបានមេដាយនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលត្រូវបានពិភពលោកមើលឃើញថា ជាមេដឹកនាំដែលបានខិតខំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពសម្រាប់កម្ពុជា តំបន់ និងលើពិភពលោក៕