(ភ្នំពេញ)៖ ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផល មីជាតិ ជាលើកទីមួយទៅកាន់ទីផ្សារប្រទេសវៀតណាម ដែលជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀត ក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរ ចូលក្នុងទីផ្សារថ្នាក់តំបន់នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោកនាពេលអនាគត។

ការបើកទំព័រនៃដំណើរថ្មីរបស់ផលិតផល មីជាតិ ក្នុងការឆ្ពោះទៅកាន់ប្រទេសរៀតណាមនេះ ត្រូវបានប្រព្រឹត្តឡើងដោយមានការរៀបចំសន្និសីទសារព័ត៌មាន នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុន មីជាតិ និងតំណាងចែកចាយលក់បន្ត នៅក្នុងប្រទេសវៀតណាម ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឱ្យដឹងថា ការនាំចេញជំហានដំបូងនេះគឺជាការឆ្លុះបញ្ចាំង ពីការជឿជាក់លើគុណភាព ផលិតផលមីជាតិ នៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយតម្រូវការទីផ្សារក្នុងប្រទេសជិតខាងផងដែរ។ ការនាំចេញនេះបានផ្តល់ជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ក្នុងការបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ខណៈគុណភាព និងរសជាតិនេះបានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជននៅក្នុងស្រុក។

លោក ឡាវ វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង បានបន្តថា ការនាំចេញនេះពិតជាបានផ្តល់ភាពវិជ្ជាមាន ជាច្រើនដល់ផលិតផល មីជាតិ ដែលស្រប ជាមួយបរិការណ៍នៃការទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ របស់មីជាតិពីសំណាក ប្រជាជនក្នុងស្រុក ជាពិសេសនេះជាមោទនភាពមួយដែលផលិតផលមីកញ្ចប់ ក្នុងស្រុកមានវត្តមានក្នុងទីផ្សារអន្តរជាតិ។

លោក ឡាវ វ៉ាន់ បានបន្តទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវតាំងពីការបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យ ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នាទទួលស្គាល់ ហើយថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់វិស័យចំណីអាហារ វេចខ្ចប់នៅកម្ពុជា។

លោកស្រី ហ៊ីវ រតនា តំណាងដៃគូចែកចាយមីជាតិ ទៅបរទេស បានឱ្យដឹងដែរថា នេះជាជំហានដំបូងក្នុងកិច្ចសហការជាមួយក្រុមហ៊ុន មីជាតិ និងបានជឿជាក់ លើគុណភាព និងសុវត្ថិភាពនៃផលិតផលមួយនេះ និងបានធ្វើការសិក្សាយ៉ាងល្អិតល្អិនបំផុតលើគុណភាព និងរសជាតិ របស់មីជាតិ ក៏ដូចជាតម្រូវការមីកញ្ចប់ ក្នុងទីផ្សាប្រទេសវៀតណាមផងដែរ។

លោកស្រី ហ៊ីវ រតនា បានបន្តទៀតថា តម្រូវការមីកញ្ចប់ក្នុងប្រទេសវៀតណាម មានការកើនឡើងខ្ពស់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ជឿជាក់ថា ផលិតផល មីជាតិ នឹងទទួលបានការគាំទ្រពីប្រជាជននៅទីនោះ។ ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញកម្រិតគុណភាព និងសុវត្ថិភាពចំណីអាហារ ត្រូវបានឆ្លង កាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារ ដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព។

គួរបញ្ជាក់ថា ផលិតផលមីជាតិ ត្រូវបាននាំចេញដោយក្រុមហ៊ុន Mot Thanh Co., Ltd ដែលមានអាសយដ្ឋាននៅក្នុងខេត្តអានជាំង ប្រទេសវៀតណាម៕