(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកគេហកិច្ច ក្នុងកម្មវិធីបណ្តុះបណ្តាល ហូកា (HoKa) នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP។

វគ្គបណ្តុះបណ្តាលនេះដែរក៏មានការចូលរួមពីលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី, លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី, លោក គង់ ដារ៉ា ប្រធានអនុកម្មវិធីទី៤នៃអង្គការស្វីស ខន់ថាក់កម្ពុជា, លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការ គ្រប់គ្រងគម្រោងហូកា និងមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត តាមប្រព័ន្ធវីដេអូផងដែរ។

លោក ប៉ាក់ សុខុម បានឱ្យដឹងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ក្នុងនោះក៏មានសកម្មភាពសំខាន់ៗ នៅក្នុងការបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍ ដល់មន្ត្រីទេសចរ និងបុគ្គលិក សិក្ខាកាមទាំងអស់ ដើម្បីលើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ និងការពង្រឹងការអភិវឌ្ឍន៍ជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី។

លោក ប៉ាក់ សុខុម បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ បានពង្រីក វិសាលភាពបណ្តុះបណ្តាលរបស់ខ្លួនដល់ខេត្តគោលដៅចម្បងចំនួន ២ទៀតនៅភូមិភាគឥសាន្តរួមមាន៖ ខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលបច្ចុប្បន្នជាគោលដៅអេកូទេសចរណ៍ដ៏មានសក្តានុពល ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី ដែលកម្មវិធីបណ្តុះបណ្តាលហូកា នឹងចូលរួម គាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្គោល ហូកាចំនួន ២០០រូប និងអ្នកជំនាញចំនួន ១៥០០រូប។

លោក ប៉ាក់ សុខុម បានបញ្ជាក់ដែរថា តាមរយៈយន្តការគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលជាយន្តការស្នូលនៃកិច្ចសហប្រតិបត្តិការ និងការពង្រឹងយន្តការ ការងារទាំងថ្នាក់ជាតិ និងក្រោមជាតិក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (Hoka) នឹងអាចសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលចូលរួម ចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងការពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍។

បន្ថែមពីនេះលោក ប៉ាក់សុខុម ក៏លើកទឹកចិត្តសិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្ត និងអនុវត្ត ក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះ បានយ៉ាងល្អប្រសើរផងដែរ៕