(ភ្នំពេញ)៖ នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាថា នឹងយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត លើគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។

ការសន្យាខាងលើ បង្ហាញឡើងក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹក (Working Breakfast) រៀបចំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលជាពេលវេលាបញ្ចប់ទស្សនកិច្ចផ្លូវការ របស់ប្រមុខការទូតចិននៅកម្ពុជា ក្នុងអំឡុង២ថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសពីលទ្ធផលជំនួប ចេញផ្សាយដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលរំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់ (To Do List) លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៉ីនធឺណេតនៅកម្ពុជា»

បើតាមលោក អូក ដូរ៉ានី សមាជិក និងជាអ្នកនាំនិយតករទូរគមនាគមន៍កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរលើកឡើងនោះ ជាគម្រោងរួមចំណែកអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ដ៏សំខាន់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទូទៅគម្រោងខ្សែកាប្លិ៍អុបទិកជាឆ្អឹងខ្នងមួយដ៏សំខាន់ ដែលប្រើទិន្នន័យធំ។ អញ្ចឹងរាល់ថ្ងៃគ្រប់ប្រភេទសឹងតែបោះចោល ផ្កាយរណបអស់ហើយ ដោយសារផ្កាយរណបថ្លៃ ហើយល្បឿនយឺតជាង ដែលធ្វើឲ្យគេងាកមករកគម្រោងខ្សែកាប្លិ៍អុបទិកគ្រប់គ្នា»

លោក អូក ដូរ៉ានី បានបន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរ គឺ TelcoTech ជាក្រុមហ៊ុនខ្មែរ និងស៉ីហ្វុក (CFOCN) ជាក្រុមហ៊ុនចិន កំពុងដំណើរការគម្រោងខ្សែកាប្លិ៍អុបទិក រួមមាន៖

* ក្រុមហ៊ុនទី១ ភ្ជាប់តាមប្រព័ន្ធ MCT (ម៉ាឡេស៉ី-កម្ពុជា-ថៃ) មានប្រវែង ១៣០០គីឡូម៉ែត្រ ខណៈប្រវែងនៅក្នុងប្រទេសកម្ពុជាមានចំនួន៤៧០គីឡូម៉ែត្រ ដែលភ្ជាប់ពីម៉ាឡេស៉ី មកក្រុងព្រះសីហនុ និងបានដាក់ឲ្យដំណើរការនៅ២០១៧។

* ក្រុមហ៊ុនទី២ ភ្ជាប់តាមប្រព័ន្ធ AAE-1 (អាស៉ី-អាហ្វ្រិក-អឺរ៉ុប ទី១) មានប្រវែងសរុប ២៥,០០០គីឡូម៉ែត្រ ដែលដាក់ដំណើរការឆ្នាំ២០១៧ ដូចគ្នា។

ក្នុងឱកាសជំនួបកិច្ចសន្ទនា និងអាហារការងារពេលព្រឹកនោះដែរ លោក វ៉ាង យី បានឆ្លើយតបជាអាទិ៍ ចំពោះមុខឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដូចតទៅ៖

* ជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C
* បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០គីឡូម៉ែត្រ
* យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង
* ស្នើឲ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបបំបាត់ Casino online នេះ តាំងពីឆ្នាំ២០១៩ រួចហើយ៕