(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១០៩គ្រួសារ មកពីឃុំចំនួន៤ នៅស្រុកជុំគិរី។ ដែលពិធីនេះបានធ្វើឡើងក្នុងបរិវេណសាលាវិទ្យាល័យព្រៃឃ្លៃ ស្រុកជុំគិរី ខេត្តកំពត។

ក្នុងឱកាសនោះ លោក ជាវ តាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានពលរដ្ឋជួបទុក្ខលំបាកខ្វះខាត គឺទីនោះមានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរ ជួយដោះស្រាយជាប់ជាប្រចាំគ្រប់ទីកន្លែង។

ជាក់ស្ដែងក្នុងបរិបទក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន។ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានជំរុញសកម្មភាពចុះជួយដោះស្រាយទាំងស្បៀងអាហារ ថវិកា សម្ភារប្រើប្រាស់បានទាន់ពេលវេលាគ្រប់ទីកន្លែងដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

ទន្ទឹមនេះលោក ជាវ តាយ ក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឱ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសបន្តរួមគ្នាអនុវត្តនូវវិធានការសុខាភិបាលគឺ «៣កុំ និង៣ការពារ» ឱ្យបានជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងត្រូវយកចិត្តទុកដាក់ ពាក់ព័ន្ធការអប់រំ ណែនាំដល់សមាជិកគ្រួសារ និយាយមួយៗ ឱ្យចូលរួមគោរពច្បាប់នានា ឱ្យបានល្អពិសេសច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ដើម្បីការរស់នៅមានភាពសុខសាន្តនៅក្នុងសហគមន៍យើង ត្រូវជំរុញការងារបង្កបង្កើតផលដាំដំណាំចិញ្ចឹមសត្វរួមផ្សំ ដើម្បីជីវភាពគ្រួសាររបស់បងប្អូនឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង១០៩គ្រួសារ ខាងលើរួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ០១យួ, ទឹកត្រី០១យួរ, មី០១កេស និងថវិកា ២ម៉ឺនរៀល។ ក្រៅពីនេះ ជូនថវិកាមួយចំនួនដល់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រុមគ្រូពេទ្យ និងកងកម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារប្រមាណ ៤២នាក់ផងដែរ៕