(ភ្នំពេញ)៖ ក្រុមហ៊ុន Volten International Cambodia បានឧបត្ថម្ភឱសថ VR4 CAPSULE ចំនួន៥០០កំប៉ុង និងភេសជ្ជៈខ្ញីខ្មៅបំប៉នសុខភាព VSERIES ចំនួន១៥៦ប្រអប់ គិតជាទឹកប្រាក់សរុបចំនួន ៦០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍សហគម២០កុម្ភៈ។

ស្ថិតក្នុងឱកាសប្រគល់-ទទួលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ស្លៃម៉ាន មហាំម៉ាត់ នាយកប្រតិបត្តិ និងលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ទីប្រឹក្សាវិទ្យាសាស្ត្រ នៃក្រុមហ៊ុន Volten International Cambodia ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពកោតសរសើរដោយស្មោះចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានខ្នះខ្នែងទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់ឡើយ ធ្វើយ៉ាងណាព្យាបាលបងប្អូនអ្នកមានជំងឺកូវីដ១៩ឲ្យឆាប់ជាសះស្បើយទូទាំងប្រទេស។

លោកទាំងទ្វេក៏បានលើកឡើងស្រដៀងគ្នាជុំវិញការបង្ហាញពីទឹកចិត្តខ្មែរជួយខ្មែរ មិនថាកាន់សាសនាណាទេ ពោលគឺជាជនរួមជាតិតែមួយ រួមសុខរួមទុក្ខជាមួយគ្នា ចាប់ដៃគ្នាជួយដោះស្រាយបញ្ហាសុខភាពប្រជាពលរដ្ឋ ហើយក្រុមហ៊ុនដ្បិតមានទឹកចិត្តបន្តិចបន្តួចមែនពិត ប៉ុន្តែនេះជាការបង្ហាញពីក្ដីស្រលាញ់ និងគាំទ្រពេញទំហឹងចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានបំពេញកតព្វកិច្ចបានយ៉ាងល្អបំផុតជូនជាតិ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ក្នុងទិសដៅរួមគ្នាព្យាបាលពលរដ្ឋឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ និងកំចាត់ជំងឺកូវីដនេះចេញឲ្យអស់ពីប្រទេសកម្ពុជាយើង។

ស្ថិតក្នុងពិធីនេះលោក វេជ្ជបណ្ឌិត ថាយ មេងគ្រី តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងកោតសរសើរចំពោះទឹកចិត្តដ៏ល្អប្រពៃដែលខាងបងប្អូនអ៊ីស្លាមបានជួយឧបត្ថម្ភ មកដល់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាទឹកចិត្តដ៏វិសេសវិសាលក្នុងទិសដៅជួយគ្នា ពិសេសនៅគ្រាដែលទាំងអស់គ្នាកំពុងរួមគ្នាប្រឆាំងការឆ្លងជំងឺកូវីដ១៩នេះ។

គួរជម្រាបជូនថា ក្រុមហ៊ុន Volten International Cambodia មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំងាយប្រមាណជា ៣០០ម៉ែត្រពីផ្សារទំនើបម៉ាក្រូ ជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលរុក្ខឱសថ និងភេសជ្ជ:ចម្រាញ់ ខ្ញីខ្មៅ បំប៉នសុខភាពក្រោមម៉ាកយីហោVR4, VCAFE, V20 និងVSERIES ជាច្រើនមុខទៀតពីប្រទេសម៉ាឡេស៊ី ដែលសុទ្ធសឹងតែជាផលិតផលដែលកំពុងគាំទ្រយ៉ាងពេញទំហឹងនៅប្រទេសម៉ាឡេស៊ី៕