(សៀមរាប)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសផ្លាស់ប្តូរតែងតាំង ស្នងការនគរបាលថ្មីខេត្តសៀមរាប ដោយលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង។

ពិធីប្រកាសផ្លាស់ប្តូរតែងតាំងស្នងការនគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប»

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕