(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនថា បញ្ញវន្តខ្មែរទោះបានទៅរៀននៅបរទេស បានសិក្សានៅសាលាដ៏ល្បីល្បាញណាមួយលើពិភពលោកក៏ដោយ មិនគួរមានមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯងជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ ត្រូវត្រឡប់មកបម្រើប្រទេសជាតិមាតុភូមិវិញក្នុងនាមកូនខ្មែរប្រកបដោយភាពជឿជាក់។

លោក ហឿន សំនៀង បានបញ្ជាក់ដូចនេះនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលដែលវិទ្យាស្ថាន បានសហការជាមួយយុវជនស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសង្គម រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី «គន្លឹះទទួលបានអាហារូបករណ៍ជប៉ុន» និងមានការចូលរួមពីវាគ្មិនកិត្តិយសលោកបណ្ឌិត វុទ្ធី មុនីរ័ត្ន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត លើជំនាញធនធានទឹក ក្រោមដីពីសាកលវិទ្យាល័យឈីបាប្រទេសជប៉ុនក្នុងឆ្នាំ២០១០ ព្រមទាំងសិស្សនិស្សិតដែលមានបំណងស្វែងយល់បន្ថែមពីអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុនប្រមាណ ៣០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សនិស្សិត បានសិក្សាស្វែងយល់អំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងលក្ខខណ្ឌនានា ដែលសិស្សនិស្សិតអាចត្រៀមខ្លួនជាមុន ដើម្បីចូលរួមប្រកួតយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនានាផងដែរ។

លោក ហឿន សំនៀង ជាបញ្ញវន្តខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ កាលនោះ លោកនៅជាព្រះសង្ឃនៅឡើយ។

ក្នុងសិក្ខាសាលាតម្រង់ទិសដល់អ្នកចង់ស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេសនេះ លោក ហឿន សំនៀង បានគូបញ្ជាក់ថា យុវជនដែលទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងក្លាយជាបញ្ញវន្តតំណាងជាតិសាសន៍ខ្មែរ ដូច្នេះគួរត្រៀមខ្លួន និងគួរបំពាក់ខ្លួនឯងនូវចំណេះដឹងស្តីពីជំនឿ ទំនៀមទម្លាប់ វប្បធម៌ សាសនា ប្រពៃណី សិល្បៈ អត្តសញ្ញាណ និងគុណតម្លៃផ្សេងៗទៀត ដែលតំណាងឱ្យពូជ សាសន៍ខ្មែរនៅឯបរទេស។ ធ្វើយ៉ាងណាកុំភ្លេចខ្លួនជាខ្មែរ មានភារកិច្ចជាប្រតិភូតំណាងជាតិដ៏ពេញលេញ និងគួរជាទីមោទនភាពបំផុតសម្រាប់ជាតិខ្មែរ និងកុំវង្វែង កុំស្រវឹង ជាមួយវប្បធម៌បរទេស កុំយកខួរក្បាលបរទេសមកពាក់ ហើយតាំងខ្លួនឯងអស្ចារ្យ ជាងជាតិសាសន៍ខ្មែរខ្លួនឯងឱ្យសោះ «យើងអស្ចារ្យ យើងខ្លាំង ព្រោះយើងជាកូនខ្មែរ»

លោកបានបន្តថា «កុំបានទៅរៀននៅបរទេស ពេលត្រឡប់មកខ្មែរវិញ វាយឬក ភ្លេចអស់វប្បធម៌ ទំនៀមទម្លាប់ សាសនា អត្តសញ្ញាណជាតិ និងគុណតម្លៃ ដ៏ល្អ របស់ខ្លួនឯងជាខ្មែរ និងសម្តែងឬទ្ធិបរទេសដាក់ពូជត្រកូលខ្លួនឯង យើងទៅរៀននៅបរទេសដើម្បីបានចំណេះដឹងនិងបទពិសោធន៍ល្អៗពីគេ តែត្រូវតម្កល់ភាវៈនៃខ្លួន ក្នុងនាមខ្មែរ ដែលមានទាំងអត្តចរិត ទំនៀមទម្លាប់ វប្បធម៌ សាសនាជាដើម»

បន្ថែមពីនេះលោក ហឿន សំនៀង ក៏បានចែករំលែកនូវចំណុចសំខាន់ដែលជាគន្លឹះមួយចំនួន ដែលនិស្សិតត្រូវមានក្នុងការត្រៀមប្រកួតយកអាហារូបករណ៍រួមមាន៖

ទី១៖ និស្សិតត្រូវមានចំណេះដឹងទូទៅល្អ ទាំងចំណេះដឹងមូលដ្ឋាន និងចំណេះដឹងសកល ដែលអាចជួយកំណត់គោលដៅខ្លួនឯងច្បាស់លាស់ផង និងដឹងថាតើសាលា ចង់បានអ្វីខ្លះជាដើម
ទី២៖ ត្រូវចេះភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់បំផុត និងជាជំនាញសកលដែលមិនអាចខ្វះបាន
ទី៣៖ ត្រូវមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងមុខជំនាញ ដែលខ្លួនចង់សិក្សា មានហេតុផលត្រឹមត្រូវ ដែលផ្អែកលើបទពិសោធន៍ នឹងក្លាយជាភស្តុតាងរឹងមាំ ក្នុងការទទួលបានអាហារូបករណ៍
ទី៤៖ ត្រូវមានសមត្ថភាពបង្ហាញពីហេតុផលច្បាស់លាស់ ដែលជាហេតុផលសំខាន់ជាងប្រយោជន៍ផ្ទាល់ខ្លួន និងចេះបកស្រាយបានពេញលេញលើហេតុផលនោះៗ
ទី៥៖ ការដាក់ពាក្យប្រឡងបានត្រឹមត្រូវ ទាំងបច្ចេកទេស ទាំងឯកសារពាក់ព័ន្ធ និងពេលវេលាជាដើម៕