(កណ្ដាល)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣០នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយប្រជាពលរដ្ឋប្រមាណជា១០០នាក់ បានធ្វើការបាតុកម្ម ដុតកង់ឡាន គប់ដបសាំង បាញ់ចំពាមកៅស៊ូ ប្រើដំបង និងគប់ដុំថ្ម ដែលបង្កឱ្យនគរបាលចំនួន១៣នាក់ មានរបួសស្នាមទីតាំងធ្វើបាតុកម្មស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានបានបញ្ជាក់មកភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះថា មនុស្សចំនួន៣០នាក់ កំពុងស្ថិតក្រោមការសាកសួរ នៅឯការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តកណ្ដាល។

ចំពោះករណីនេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល មិនអាចស្នើសុំអត្ថាធិប្បាយណាមួយពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននៅឡើយទេ។

បើតាមប្រភពបានបញ្ជាក់ទៀតថា នៅយប់មិញនេះ សមត្ថកិច្ចបានសម្រេចបំបែកក្រុមបាតុករ ដោយប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល មានការសោកស្ដាយ ចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្ស ដែលប្រព្រឹត្ដខុសបានអំពើនេះ អាចនាំឱ្យសណ្ដាប់ធ្នាប់សន្តិសុខនឹងបំភ្លេចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ជាតិ។

រដ្ឋបាលខេត្តកណ្ដាល ក៏អំពាវនាវដល់ក្រុមបាតុករទាំងអស់ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយឱ្យមក
ចូលរួមដោះស្រាយដោយសន្តិវិធី និងចូលរួមគោរពតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនឡើង៕