(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Le Royal)។

បន្ទាប់ពីជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួចហើយ លោក វ៉ាង យី ជួបទទួលទានអាហារការងារពេលព្រឹកជាមួយ មន្រ្តីជាន់ខ្ពស់របស់កម្ពុជាចំនួន៤រូបទៀត (សរុបទាំងអស់៦រូប) ដែលសុទ្ធសឹងតែមានតួនាទីសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល។

មន្រ្តីជាន់ខ្ពស់កម្ពុជាដែលបានជួបទទួលទានអាហារការងារជាមួយប្រមុខការទូតចិននេះ រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

លោក វ៉ាង យី បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តាមតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា។ អំឡុងពេលមកដល់កម្ពុជា លោកបានជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរ។

អំឡុងពេលទស្សនកិច្ចនេះ កម្ពុជា-ចិន បានរៀបចំពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិនដល់កម្ពុជា ចុះហត្ថលេខាលើឯកសារចំនួន៦។ ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមានជាង២៧០លានដុល្លារ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង៣លានដូសថែមទៀត ជូនដល់រាជរដ្ឋាភិលកម្ពុជា ដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ជាងនេះទៅទៀត ចិននឹងជួយនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន ដើម្បីប្រយោជន៍កសិករខ្មែរ៕