(ភ្នំពេញ)៖ បេសកកម្មរយៈពេល២ថ្ងៃពេញ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក្នុងការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង បានបញ្ចប់ដោយជោគជ័យ។

បេសកកម្មនេះធ្វើឡើងនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២១ ដោយអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់ខ្នងផ្ទះរបស់លោកតា លោកយាយ ចំនួន៧នាក់បន្ថែមទៀត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយ ម៉ូវ ស៉ឹម អាយុ១០៧ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
*ទី២៖ លោកយយ អ៊ុយ យាន់ អាយុ១០០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
*ទី៣៖ លោកយាយ ឯក សាន អាយុ១០២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
*ទី៤៖ លោកយាយ ស៉ឹម វ៉ាន់ អាយុ១០០ឆ្នាំ រស់នៅភូមិអូរអាចម៌កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
*ទី៥៖ លោកយាយ ណម សូត្រ អាយុ១០០ឆ្នាំ រស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់
*ទី៦៖ លោកយាយ មូល រឿន អាយុ១០៣ឆ្នាំ រស់នៅភូមិក្ដុល ឃុំក្រាំងសារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
*ទី៧៖ លោកតា ឌៀប វ៉ន អាយុ១០១ឆ្នាំ រស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកតា និងលោកយាយ ទាំង៧នាក់ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ ព្រមទាំងបានបង្ហាញនូវក្ដីរំភើបរីករាយ នៅពេលទទួលបានអំណោយនាឱកាសនេះ។

បន្ថែមពីនេះ ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។

គួរជម្រាបថា ក្នុងឱកាសនេះការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ នាពេលនេះ លោកស្រី ឱ វណ្ណឌីន ក៏បានឆ្លៀតអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជុំ១ នៅខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ផងដែរ។

ទាំងពិធីនៅខេត្តប៉ៃលិន និងនៅខេត្តពោធិ៍សាត់ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តនីមួយៗ ក្នុងការជំរុញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ៕