(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងខេត្ត និងការបើកទីតាំងអចិន្ត្រៃយ៍ចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានចាប់ផ្តើមអនុវត្តផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង និងកុមារ យុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម ចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ជាលទ្ធផលនៃការអនុវត្ត «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» រដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថាមានប្រជាពលរដ្ឋ និងអាណាព្យាបាលកុមារ យុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មានចំនួនលើសលុប បានស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំក្នុងពេលយុទ្ធនាការនេះ។

រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា៖ «ដោយផ្អែកតាមតួលេខ នៃចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងប្រជាពលរដ្ឋអាយុពី ១២ឆ្នាំឡើង នៅទូទាំងខេត្ត និងបើកដំណើរការជាអចិន្ត្រៃយ៍ ទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែកទាំង ០៩កន្លែង ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១»

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានភាព អល់អែក និងមិនទាន់សម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ១៩ និងអ្នកមានបញ្ហាសុខភាព រួសរាន់មកពិភាក្សា ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖