(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្ដព្រៃវែង បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ជំហានទី១ ក្នុងភូមិសាស្រ្ដខេត្ដព្រៃវែង។

តាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដព្រៃវែង បានបញ្ជាក់ថា ក្រោយពីពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង។ ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី៨) គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវស្នើសុំគោលការណ៍មករដ្ឋបាលខេត្តព្រៃវែង។ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ត្រូវស្នើសុំគោលការណ៍មករដ្ឋបាលខេត្តព្រៃវែង ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្ល អំពីកម្រិតហានិភ័យទៅតាមស្ថានភាពជាក់ស្ដែង មុននឹងសម្រេចអនុញ្ញាត ឬត្រូវរក្សាស្ថានភាពដដែល។

ទន្ទឹមនឹងនេះ ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលអនុញ្ញាតឲ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិ ស្ដង់ដារ (SOP) ក្នុងបរិបទនៃជំងឺកូវីដ១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា៕