(ព្រះសីហនុ)៖ យុទ្ធនាការសាចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ ត្រូវបានប្រកាសបិទ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ហើយការចាក់វ៉ាក់សាំងនេះ អាចជួយការពារជំងឺកូវីដ-១៩បាន និងទប់ទល់បានហានិភ័យធ្ងន់ធ្ងរជំងឺនេះ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងទៀតថា បើទោះបីប្រជាពលរដ្ឋ បានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ហើយក៏ពិតមែន ប៉ុន្ដែមិនត្រូវភ្លេចខ្លួននោះទេ ពោលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកឈ្នះលើជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលល្អ។

លោក គួច ចំរើន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧,៨១៧នាក់ ស្រី១៤៣,៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន២២៨,៣៧៧នាក់ ស្រី១០៣,៧៨៣នាក់។ ជាលទ្ធផល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង សរុបចំនួន២២៣,១៧០នាក់ ស្មើនឹង៩៧.៧២% នៅសល់៥,២០៧នាក់។

សូមជម្រាបថា បើទោះបី ខេត្តព្រះសីហនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត ប៉ុន្តែនៅបន្តបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ នៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩៕