(ភ្នំពេញ)៖ តាមការគ្រោងទុក លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ នេះបើយោងតាម លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រមុខការទូតប្រទេសមហាយក្សរូបនេះ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចទៅកាន់៤ប្រទេសលើកនេះ ដែលបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េខាងត្បូងថែមទៀត។ ចំពោះទស្សនកិច្ចនេះដែរ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងផ្តល់ចំណេញមហាសាលដល់កម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ លោកថា «ជាទិដ្ឋភាពនយោបាយ វាជាសារមួយដែលអាចបញ្ជាក់បានថា នៅពេលណានិយាយពីអាស៉ីអាគ្នេយ៍ ឬនិយាយពីអាស៊ាន ចិនមិនដែលភ្លេចកម្ពុជានោះទេ។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល់ អាស៉ីអាគ្នេយ៍ ស្ទើរតែក្លាយជាមជ្ឈមណ្ឌលនៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នឹងជួយជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅអាស៉ីអាគ្នេយ៍»។

លោកបណ្ឌិត បានបន្ថែមថា ទន្ទឹមនឹងនេះ វាក៏ជាការឆ្លើយតបខាងផ្នែកការទូតដ៏សំខាន់ផងដែរ ដែលកាលពីពេលថ្មីៗនេះ មានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី Kamala Harris ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពីដើមខែមិថុនា កន្លងទៅ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិក Wendy Sherman ក៏បានបំពេញទស្សនកិច្ចមកកាន់ប្រទេសនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ផងដែរ រួមទាំងកម្ពុជាផងដែរ។

«ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញឱ្យឃើញថា កម្ពុជាមានគោលនយោបាយការបរទេសផ្កាចម្រុះពណ៌ យើងទទួលស្វាគមន៍មហាអំណាច ក៏ដូចជាប្រទេសនានាទាំងអស់ គឺកម្ពុជាមិនដែលជ្រើសរើសប្រទេសណាមួយមួយជំនួសប្រទេសណាមួយនោះទេ។ កម្ពុជាប្រាថ្នារួមរស់ ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់ទាំងក្នុងតំបន់និងពិភពលោក។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅកាន់ដំណាក់កាលថ្មីទៀត»។ នេះបើតាមបណ្ឌិត គិន ភា។

ជាទិដ្ឋភាពសេដ្ឋកិច្ច លោក គិន ភា រំពឹងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នឹងជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៉ីជម្រៅ។ លោកបញ្ជាក់ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេសម្រាប់ប្រទេសកម្ពុជា ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា និងក៏ជាម្ចាស់ជំនួយធំជាងគេផងដែរសម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងក្នុងការបង្កើតសហគមន៍ ដែលជោគវាសនារួមគ្នាកាលពីខែមេសា ឆ្នាំ២០១៩ ហើយចុងឆ្នាំ២០២០ កន្លងទៅ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ ដែលទាំងនេះ គឺសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងស៉ីជម្រៅ រវាងកម្ពុជា-ចិន។ លោកបន្ថែមថា រដ្ឋសភាកម្ពុជាក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ។ ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងពន្លឿនការអនុវត្តពេញលេញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរបានចុះហត្ថលេខានេះ។

ដូចគ្នានេះដែរ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកសិក្សាស្រាវជ្រាវមួយរូបទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានលើកឡើងថា ទស្សនកិច្ចនេះ ដោយសារតែកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ នៅវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមលើនេះ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ដែលកម្ពុជាអាចមានសំឡេង នៅក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់ចិននៅក្នុងតំបន់ ជាពិសេសលើស្ថិរភាព និងសន្តិសុខ។ មិនត្រឹមតែចំណេញនយោបាយទេ គឺកម្ពុជាក៏ចំណេញ លើផ្នែកសេដ្ឋកិច្ចដែរ។

លោកបន្តថា «ដូច្នេះហើយ (ទស្សនកិច្ចនេះធ្វើឱ្យ) កម្ពុជាមានឱកាសជំរុញពាណិជ្ជកម្មសេរីជាមួយចិន ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងទើបតែបានអនុម័តនៅក្នុងសភាថ្មីៗនេះ។ អញ្ចឹង វាជាការបើកច្រកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជាពិសេសបានជួយទៅដល់បងប្អូនកសិករយើង ដែលអាចនាំផលិតផលកសិកម្មចេញ»

បើតាមលោក គី សិរីវឌ្ឍន៍, ឆ្លើយតបនឹងការអញ្ជើញមកនេះដែរ គឺកម្ពុជាបានធ្វើច្បាប់វិនិយោគថ្មី ដែលច្បាប់នេះបានគាំទ្រការវិនិយោគពីបរទេស ជាពិសេសការវិនិយោគរបស់ចិន ដូចជាការវិនិយោគលើវិស័យកសិកម្មផង ការកែច្នៃផលិតផលកសិកម្មផង និងកម្មន្តសាលផង ដែលធ្វើឱ្យកម្ពុជានឹងមានឱកាស ក្នុងការនាំចេញ បង្កើតការងារដល់កសិករនៅក្នុងស្រុក សម្រាប់បង្កើតចំណូលជាតិរបស់កម្ពុជាផងដែរ។ ក្នុងពេលជាមួយគ្នានេះផងដែរ គឺកម្ពុជាអាចឆ្លៀតឱកាស ដោយយល់ថា រាជរដ្ឋាភិបាលគួរតែរៀបឱកាស ដើម្បីឲ្យមានការចុះកិច្ចព្រមព្រៀងទៅលើភូតគាមអនាម័យ។

លោកថ្លែងទៀតថា «កម្ពុជាអាចនឹងសុំជំនួយរបស់ចិន លើការជួយបច្ចេកទេស ក្នុងការកំណត់ភូតគាមអនាម័យ ឱ្យត្រូវនឹងស្តង់ដាររបស់ចិន ក្នុងករណីដូចផ្លែមៀនរបស់កម្ពុជា យើងមិនអាចនាំចេញទៅចិនបាន ដោយសារយើងអត់ទាន់មានកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងភូតគាមអនាម័យ។ អញ្ចឹង យើងសុំបច្ចេកទេសឱ្យគេជួយ ដើម្បី Apply (ដាក់ពាក្យសុំ) ឲ្យត្រូវនឹងស្តង់ដាររបស់ចិន ពេលនោះយើងនឹងអាចនាំចេញកសិផលរបស់យើង ទៅចិនដោយមិនមានការលំបាក ដោយមិនពឹងពាក់លើទីផ្សាររបស់ថៃ ដែលយើងតែងតែប្រឈមរាប់សិបឆ្នាំកន្លងមកហើយនោះ»

សូមជម្រាបថា កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ៕


បណ្ឌិត គី សិរីវឌ្ឍន៍


បណ្ឌិត គិន ភា


លោក កុយ គួង