(បន្ទាយមានជ័យ)៖ ប៉ុស្តិ៍នគរបាល​ព្រំដែន​ជាច្រើនកន្លែងនៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជំនន់ទឹកភ្លៀងលិចជាបន្តបន្ទាប់ ខណ:លំនៅឋាន និង​ដំណាំ​របស់ប្រជាពលរដ្ឋក៏ហៀបនឹងលិចបណ្ដើរៗដែរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់បែបនេះ។

ស្ថិតក្នុងស្ថានភាពបែបនេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព ទឹក​លិចនៅតាម​បណ្តា​គោលដៅ​ប៉ុស្តិ៍នគរបាលនីមួយៗ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វរ​ព្រំដែនបានប្រាប់ឲ្យដឹងថា ពេលដែលទឹកលិចប៉ុស្តិ៍នោះ លោកបានដឹកនាំកម្លាំង​​ចុះ​ពិនិត្យមើល ស្ថានភាព​ទឹក​លិច​នៅតាម​បណ្តា​គោលដៅ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​អូរ​កំបុត​និង ប៉ុស្តិ៍នគរបាល ការពារ ព្រំដែន គោក ខ្វាវ ដែល ចំណុច នោះ ត្រូវ លិច ដោយ ជំនន់ ទឹកភ្លៀង និង ទឹក ហូរ ពី តំបន់ ខ្ពស់ ខាងជើង នៃ ច្រមុះ ភ្នំ ដងរែក ។

លោក នៃ ពៅ មេឃុំគោករមៀត បានប្រាប់ថា ជំនន់ ទឹកភ្លៀង និង ទឹកធ្លាក់ ពី ខាង ទឹកដី ថៃ បាន ចុះមក ទឹកដី កម្ពុជា មែន នៅក្នុង ភូមិសាស្ត្រ ចុង ខាងជើង នៃ ឃុំគោករមៀត គឺ ភូមិ បឹង តា ស្រី ( មហោស្រព ) ដែល ជាប់ នឹង អូរ កំបុត មាន ប្រភព នៅ ច្រមុះ ជួរ រ ភ្នំ ដងរ៉ែក មកទល់ពេលនេះ ទឹក ទើប ឡើង បាន ០.៥ ម៉ែត្រ ទេ។ ដូច្នេះស្ថាន ភាព ទឹក មិនទាន់ គំរាមកំហែង ឬ លិច លំនៅឋាន ទីធ្លា ភូមិ និង ស្រែចម្ការ របស់ ពលរដ្ឋ នៅឡើយ ទេ ៕