(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ហាមដាច់ខាតនូវរាល់ការលក់ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ ២ ជាកំហិត។

ជាមួយគ្នានេះដែរ រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជា ការរៀបចំដែលអាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើមស្របតាមការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យបម្រើសេវាក្នុងទីតាំងផ្ទាល់ជាដាច់ខាត តែប្រើជម្រើសសេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។

រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងទៀតថា ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ មានជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡានានា និងសកម្មភាពមុខរបរអាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ ចំពោះរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំអាកុលបាញ់សម្លាប់មេរោគ ការវាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ» (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖