(សៀមរាប)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួល ដើម្បីសុវត្ថិភាពពលករនិងសហគមន៍ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ របស់សាលាខេត្តសៀមរាប ។

លោកស្រី យូ សុភា បានលេីកឡេីងថា ចាប់តាំងពីមានការឆ្លងរាលដាលមេរោគកូវីដ-១៩មក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកប្រមាណជាង៣ម៉ឺននាក់ បានវិលត្រលប់មកកាន់ភូមិឋានរបស់ពួកគាត់ នៅក្នុងខេត្តសៀមរាប។ ក្រៅពីពលករទាំងនេះ ខេត្តសៀមរាប ក៏បានក្លាយជាខ្សែត្រៀមទី២ ក្នុងការទទួលយកពលករពីខេត្តឧត្តរមានជ័យ ដើម្បីព្យាបាលនិងធ្វើចត្តាឡីស័កផងដែរ។

លោកស្រីបានបន្តទៀតថា បើគិតមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានពលករប្រមាណជាង៥ពាន់នាក់ ដែលបញ្ជូនមកពីខេត្តឧត្តរមានជ័យ ដោយសារខេត្តឧត្តរមានជ័យកន្លែងដាក់ពលករតូច ហើយពលករសម្រុកចេញមកច្រើនតាមច្រកអូរស្មាច់ និងច្រកជាំសាង៉ាំ ធ្វើឲ្យជួបបញ្ហាអត់កន្លែងដាក់ ទើបបញ្ជូនមកកាន់ខេត្តសៀមរាប។ កិច្ចការទទួលពលករដែលវិលត្រលប់មកវិញនេះ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់គិតគូរអំពីការប្រកបរបរ របស់បងប្អូនទាំងនោះ បន្ទាប់ពីគាត់មករស់នៅក្នុង ស្រុកភូមិរបស់គាត់វិញ ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងការកោតសរសើរ ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាការគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រលប់ពីក្រៅប្រទេស។ ជាមួយគ្នានេះដែរ លោកស្រី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យសមាជិកនៃកិច្ចប្រជុំ ពិគ្រោះយោបល់នេះ ត្រូវស្វែងរកចំណុចសំខាន់ ដើម្បីពន្យល់ឲ្យបងប្អូនពលករផ្លាស់ប្តូរផ្នត់គំនិត ដែលតែងតែចង់ទៅធ្វើការនៅក្រៅប្រទេសរហូតមក រស់នៅប្រទេសដើមខ្លួនឯងលែងកើត ។ លោកស្រីលើកឡើងថា រឿងពលករ ចំណាកស្រុកនេះ ជារឿងធំដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់៕