(បាងកក, ប្រទេសថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានចូលជួបពិភាក្សាការងារមួយចំនួនជាមួយលោក សោមពង្ស អាម៉នវិវឌ្ឍន៍ (Sompong Amornvivat) ប្រធានគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំក្រុមគណបក្សប្រឆាំងនៅក្នុងសភាជាតិថៃ ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងវិធីសាស្រ្តក្នុងការដឹកនាំ ការគ្រប់គ្រងគណបក្ស។

ក្នុងឱកាសនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណលោក សោមពង្ស អាម៉នវិវឌ្ឍន៍ ដែលបានឆ្លៀតពេលដ៏មានតម្លៃផ្តល់កិច្ចពិភាក្សាការងារនាពេលនេះ និងសូមអរគុណចំពោះថ្នាក់ដឹកនាំគណបក្សភឿថៃដែលកន្លងមកតែងផ្តល់កិច្ចសហការល្អជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមជួយកម្ពុជាលើគ្រប់វិស័យតាំងពីអំឡុងពេលដែលគណបក្សនេះកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលថៃ ជាពិសេសក្នុងពេល ដែលលោក ថាក់ ស៊ីន លោកស្រី យីង ឡាក់ ជានាយករដ្ឋមន្ត្រី។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូនប្រធានគណបក្សភឿថៃ អំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ច សង្គមជាលំដាប់។ ជាពិសេសការកសាងខឿនសុខមាលភាពយ៉ាង រឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៩៦,៦៧% នៃចំនួនប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជានឹងសម្រេចឲ្យបាន ១០០% យ៉ាងយូរបំផុតនៅត្រឹមដំណាច់ឆ្នាំ២០២១ នេះ។

ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនភាគីថៃអំពីការត្រៀមបើកប្រទេសកម្ពុជា ទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅត្រីមាសទី៤ ឆ្នាំ២០២១ ដោយក្រសួងទេសចរណ៍កម្ពុជា បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ព្រមទាំងត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន (ASEAN TOURISM FORUM ATF 2022) នៅខេត្តព្រះសីហនុ នាថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ ផងដែរ។

លោក សោមពង្ស អាម៉នវិវឌ្ឍន៍ បានថ្លែងកោតសរសេីរ និងផ្ញេីសេចក្តីនឹករលឹកជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងគួរឲ្យគោរព១រូប ទាំងក្នុងតំបន់អាស៊ាន និងលើពិភពលោក។ កន្លងមកប្រធានគណបក្សភឿថៃរូបនេះ ធ្លាប់បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយសម្តេចតេជោចំនួនពីរលេីកផងដែរ។

ឆ្លេីយតបទៅនឹងសំណើរបស់បណ្ឌិត សុខ សុក្រឹត្យា នាឱកាសនោះ ប្រធានគណបក្សភឿថៃបានអះអាងថា គណបក្សភឿថៃ នឹងនៅតែជាមិត្តល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ទោះបីគណបក្សនេះដឹកនាំរដ្ឋាភិបាល ឬមិនដឹកនាំក៏ដោយ។ លោកក៏បានបញ្ជាក់ពីចំណងមិត្តភាព និងភាពជាបងប្អូនគ្នាដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជាដែលបានកសាងឡើងតាំងពីយូរលង់ណាស់មកហើយ គឺចាប់តាំងពីពេលដែលអតីតគណបក្សថៃរ៉ាក់ថៃ រហូតដល់គណបក្សភឿថៃបច្ចុប្បន្ន និងតទៅអនាគត៕