(ភ្នំពេញ)៖ ក្នុងឱកាសចុះសម្អាតអនាម័យ បរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យបឹងត្របែក នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យបឹងត្របែកផងនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា នឹងដាក់ឲ្យមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមសាលារៀនផងដែរ ខណៈវិទ្យាល័យបឹងត្របែក ត្រៀមនឹងបើកសាលាឡើងវិញ នាពេលខាងមុខនេះ តែការបើកឡើងវិញនេះ គឺសម្រាប់សិស្សថ្នាក់ទី៧-១២ ប៉ុណ្ណោះ។

លោកអភិបាលខណ្ឌ បានបន្តថា អនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោសសំអាតសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបើកសាលាឲ្យសិស្សបានចូលរៀន ឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបអាជ្ញាធរខណ្ឌ បានដឹកនាំកម្លាំងចម្រុះខណ្ឌចំការមន និងសង្កាត់ បានសហការជាមួយនឹង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ បឹងត្របែក បានចុះសំអាត បរិស្ថាន ក្នុងសាលាជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគ ដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញ ក្រោយពេលមានការពិនិត្យវាយតម្លៃរួចរាល់។

លោក ថេង សុថុល បានបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះ ដើម្បីប្រាកដថា ទីតាំងសាលាទាំងមូល មានអនាម័យ និងមិនឲ្យសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ។

លោកអភិបាលខណ្ឌ ឆ្លៀតយកឱកាសនេះ អរគុណចំពោះការចូលរួមរបស់លោកគ្រូអ្នកគ្រូ ក្នុងការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ និងអរគុណចំពោះមន្ត្រីរាជការរដ្ឋបាលខណ្ឌចំការមន និងសង្កាត់ ដែលតែងតែរួមគ្នាដោះស្រាយ តាមរកមុខសញ្ញាជំងឺកូវិដ-១៩ ដោយបានទប់ស្កាត់ទាន់ពេលវេលា ព្រោះក្រោយពេលមានព័ត៌មានថា នៅទីណា ដែលមានអ្នកឆ្លងជំងឺកូវិដ-១៩ គឺក្រុមការងារយើងបានទៅដល់ភ្លាម ដើម្បីអនុវត្តវិធានចត្តាឡីស័ក និងស្វែងរក អ្នកពាក់ព័ន្ធភ្លាមៗ ដោយមិនឲ្យរាលដាលទៅកន្លែងផ្សេងនោះទេ។

លោកនាយកវិទ្យាល័យបឹងត្របែក បានឲ្យដឹងដែរថា សិស្សានុសិស្ស នៃវិទ្យាល័យទួលទំពូងប្រមាណជា៨៥%ហើយ ក្នុងចំណោមសិស្សប្រមាណ ៦០០នាក់ បានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈសិស្សដែលមិនបានចាក់វ៉ាក់សាំងនោះ គឺពួកគាត់មានជំងឺប្រចាំកាយ។

លោកបានលើកឡើងថា ក្រោយពីផ្ទុះឡើងនៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សាលារៀននៅទូទាំង ប្រទេសក៏ដូចជាវិទ្យាល័យបឹងត្របែក បានបិទជាបណ្ដោះអាសន្ន ដោយបានឲ្យសិស្សានុសិស្សទាំងអស់ រៀនតាមប្រព័ន្ធអនឡាញ ។ តែយ៉ាងណា លោកនាយកបានបញ្ជាក់ថា ការរៀនតាម Online របស់សិស្សានុសិស្ស គឺទទួលបានការបង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនៃវិទ្យាល័យបឹងត្របែក និងមានការសហការល្អផងដែរ ពីមាតាបិតារបស់សិស្សានុ សិស្សផ្ទាល់។

សូមរំលឹកថា យោងតាមសារជាសំឡេងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងសាលារៀន នៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លងកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបាន ដើម្បីយើងពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ជំរុញការបណ្ដុះបណ្ដាល ធនធានមនុស្ស ដោយកន្លែងណាមានលទ្ធភាពបើកបានគឺបើក កន្លែងណាដែលពុំមានលទ្ធភាពបើក គឺយើងឱ្យរៀនពីចម្ងាយ កន្លែងណាមានលទ្ធភាពអាចបើក ហើយមានការរៀនបែបចម្រុះ ដោយមានការរៀនដោយផ្ទាល់ និងរៀនពីចម្ងាយ សូមពិនិត្យ ហើយបើមិនដូច្នេះទេ យើងនឹងឋិតនៅក្នុងស្ថានភាពបាត់បង់ឱកាសសម្រាប់កុមារ យុវវ័យ និងយុវជនរបស់យើង»