(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ជុំ សុវុធ ប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជួបប្រជុំជាមួយ លោក លី ជីងហ្វឹង អនុព័ន្ធយោធាអមស្ថានទូតចិន និងលោក ចាង ពីង មន្ត្រីទំនាក់ទំនងកិច្ចការប៉ូលីសស្ថានទូតចិន។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាអំពីកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការពាររដ្ឋមន្ត្រីការបរទេសចិន ដែលនឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិន បានផ្តល់ជំនួយក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។

ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រមុខការទូតប្រទេសមហាយក្សរូបនេះ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េខាងត្បូងថែមទៀត។

កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ៕