(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា នៅទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

ការកោតសរសើរពីរដ្ឋាភិបាលកូរ៉េខាងត្បូង ធ្វើឡើងតាមរយៈលោក ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំទ្វេភាគី ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នាឱកាសដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា នៅប្រទេសនេះ។

គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជនទូទាំងប្រទេសចាក់បានចំនួន ១១,៣៦៣,៧៧៨នាក់ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា នៅទូទាំងប្រទេស។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រទេសជិតខាង ដើម្បីជួយប្រទេសទាំងនោះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ឆុង អើយយ៉ុង បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។

ស្របពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដ៏ល្អដែលមានស្រាប់បន្ថែមទៀត ដើម្បីជាប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ និងសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្រ្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការងារ សុខាភិបាល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យាសាស្រ្តនិងនវានុវត្តន៍ ទេសចរណ៍ ការអប់រំ និងបរិស្ថាន។

រដ្ឋមន្រ្តីទាំងពីរក៏មានការពេញចិត្ត ដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។

រដ្ឋមន្រ្តីទាំងពីរក៏មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ក្រោមគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី និងស្វាគមន៍គោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីបូក ដែលផ្តោតលើវិស័យសំខាន់ៗចំនួន ៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។

លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ច-សង្គមមានសន្ទុះខ្លាំង និងបានវាយតំលៃខ្ពស់ ចំពោះតួនាទីដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌវ៉ាក់សាំងពហុភាគីនិយម។ លោកក៏បានសំដែងនូវអំណរអរគុណរបស់កម្ពុជាចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានបរិច្ចាគ និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរអរគុណដោយស្មោះចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ខ្មែរនៅកូរ៉េ។

ជាការឆ្លើយតប លោក ឆុង អើយយ៉ុង បានថ្លែងអំណរគុណដល់សហគមន៍ខ្មែរនៅកូរ៉េ ដែលបានរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវប្បធម៌របស់កូរ៉េ។ សាធារណរដ្ឋកូរ៉េ បានសន្យាថានឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត។

លោក ឆុង អើយយ៉ុង បានបញ្ជាក់សារជាថ្មីថា ដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា។

រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ បានកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងនោះ ហើយក៏បានថ្លែងអំណរគុណកម្ពុជាចំពោះតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលទំនាក់ទំនងក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។

ក្នុងការដោះស្រាយបញ្ហាប្រឈម នៃបម្រែបម្រួលអាកាសធាតុ លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរសាធារណរដ្ឋកូរ៉េ ដែលទទួលបានភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី ២ ស្តីពីភាពជាដៃគូដើម្បីការអភិវឌ្ឍបៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ កាលពីខែឧសភា កន្លងទៅ និងគាំទ្រយ៉ាងមុតមាំ ចំពោះគោលនយោបាយបៃតងថ្មី និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េស្តីពីអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០។

រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការកោតសរសើរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានរួមចំណែកដល់ភាពជោគជ័យ នៃកិច្ចប្រជុំកំពូលខាងលើ ដោយក្នុងពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីតម្រូវការ នៃការអភិវឌ្ឍបច្ចេកវិទ្យាបៃតង។

លោក ឆុង អើយយ៉ុង បានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់សាធារណរដ្ឋកូរ៉េ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅខែវិច្ឆិកា ឆ្នាំ ២០២១ និងការទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕