(បន្ទាយមានជ័យ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ (គ.ជ.ប.ជ) បានបញ្ជាក់ថា បញ្ហាជួញដូរមនុស្សបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។

ការបញ្ជាក់បែបនេះរបស់លោកស្រី ជូ ប៊ុនអេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់នៃជំងឺកូវីដ និងគ្រប់គ្រងការឆ្លងដែនខុសច្បាប់ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ នៅក្នុងសាលប្រជុំសាលាខេត្ត។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាជួញដូរមនុស្សនេះ ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគនឹ្លះដោះស្រាយព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។ បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែន ឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសការចេញតាមច្រករបៀង មិនស្របច្បាប់ និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅឡើយ»

ចំពោះបញ្ហានេះលោកស្រី ជូ ប៊ុនអេង បានសុំឱ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូច ដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ។ បន្តអប់រំផ្សព្វផ្សាយដល់ពលករឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង។

ជានេះទៅទៀតលោកស្រី បានបញ្ជាក់ថា ក្នុងចំណោមជនជាតិខ្មែរជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងអស់នោះជួបប្រទះនៅបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ចាប់ពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ លើពិភពលោកមកប្រទេសកម្ពុជា បានពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩ និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជាយ៉ាងខ្លាំង និងយកចិត្តទុកដាក់ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់រាជរដ្ឋាភិបាលដោយខ្លាចពលករទាំងអស់នោះចម្លងជំងឺកូវីដ១៩ មកមកពីបរទេស។

កិច្ចប្រជុំនោះ លោក អ៊ុ រាត្រី បានថ្លែងថា ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ កន្លងមករដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ១៩ យ៉ាងខ្លាំងបានបង្កើតទីតាំងមណ្ឌលចត្តាឡីស័ក នៅតាមសហគមន៍ និងនៅតាមច្រកអន្តរជាតិ ដើម្បីពិនិត្យសុខភាពពលករឆ្លងដែនមកពីស្រុកថៃ ឱ្យពាក់ម៉ាស់ រករោគសញ្ញា និងធ្វើការស្កេនកំដៅជាដើម។

ជាមួយគ្នានេះដែរ លោក អ៊ុ រាត្រី បានផ្តោតសំខាន់លើបញ្ហាពលករចំណាកស្រុកក្រោយពីវិញក្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញរហូតដល់ថ្ងៃនេះពលករភាគច្រើនគ្មានការងារធ្វើមានជីវភាពខ្វះខាតក្នុងការចិញ្ចឹមជីវិតសព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ឱ្យប្រជាពលករទាំងអស់ងាកមកដាំបន្លែ ចិញ្ចឹមសត្វ នៅតាមសហគមន៍វិញដើម្បីបានកំរ៉ៃចិញ្ចឹមជីវិតបន្ត។

បន្ថែមពីនេះ លោកស្រី ជូ ប៊ុនអេង បាននថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ៕