(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ប្រាប់តំណាងប្រទេសមហាអនុតំបន់ទន្លេមេគង្គថា ទោះវិបត្តិជំងឺកូវីដ១៩ កម្ពុជាបន្តអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានប្រើគ្រប់មធ្យោបាយ និងគ្រប់យន្តការ ទាំងយន្តការជាតិ និងអន្តជាតិ។

ការបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅក្នុងឱកាសអញ្ជេីញជាអធិបតីបេីកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ១៩៩៣ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ ដែលមានសមាសភាពចូលរួមពីប្រទេសចំនួន៦ មានប្រទេសកម្ពុជា ចិន ឡាវ សហភាពមីយ៉ាន់ម៉ា ថៃ និងវៀតណាម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាស្ថិតក្នុងវិបត្តិសកលកូវីដ១៩ ក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការក៏នៅតែបន្តអនុវត្តសកម្មភាពរបស់ខ្លួនជាប្រចាំជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ដោយបានប្រើគ្រប់មធ្យោបាយ និងគ្រប់យន្តការ ទាំងយន្តការជាតិនិងអន្តជាតិ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្ត ដាក់ចេញនូវយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដំណាក់កាលទី៥ និងកំពុងតែអនុវត្តដំណាក់កាលទី៦ ដោយផ្តោតលើការងារពហុវិស័យដែលរួមមាន៖ វិធានការ អនុវត្តច្បាប់វិធានការផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងវិធានការរដ្ឋបាល និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលទទួលបានការគាំទ្រពីគ្រប់អង្គភាព និងសាធារណជន ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់»។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឱ្យដឹងថា ក៏សង្កេតឃើញថា ទោះបីក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយនិន្នាការនៃការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្ថិតក្នុងការព្រួយបារម្ភនៅឡើយ។

ឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងពីលទ្ធផលដែលកម្ពុជា សម្រេចបានលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមិនអាចកាត់ផ្តាច់ បានពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងយន្តការមហាអនុតំបន់ ទន្លេមេគង្គ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ យន្តការនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសយើងទាំង៦ រួមនឹងអង្គការ យូ អិន អូ ឌី ស៊ី បាននឹងកំពុងដំណើរការយ៉ាងសកម្ម និងមានប្រសិទ្ធភាពពិសេស គឺការយកចិត្តទុកដាក់អនុវត្តន៍ផែនការសកម្មភាពអនុតំបន់១១ (Sub Regional Action Plan XI) ដោយផ្តោតលើវិស័យអាទិភាពទាំង៤ រួមមាន៖ បញ្ហាគ្រឿងញៀន និងសុខភាព កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងប្រព័ន្ធគតិយុត្ត និងការអភិវឌ្ឍ តាមជម្រើសផ្សេងក្រៅពីដំណាំគ្រឿងញៀន ដែលយើងបានកំពុងជំនះអនុវត្តទោះក្នុងដំណាក់កាលកូវីដ១៩ យើងសម្រេចលើកិច្ចការមួយចំនួនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានថ្លែងនូវការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារជាច្រើនដែលយន្តការ អឹម. អូ.យូ MOU សម្រេចបានកន្លងមកឈានទៅកាត់បន្ថយនូវការដាំដុះ និងការផលិតគ្រឿងញៀន ប្រភេទអាភៀន នៅក្នុងតំបន់បានជាអតិបរិមា និងសុំទាញការចាប់អារម្មណ៍ធ្វេីការកត់សម្គាល់ និងវាយតម្លៃជាក់ស្តែងចំនួន០៣ ដូចខាងក្រោម៖

*ទី១៖ យើងទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ ក្នុងការកាត់បន្ថយការផលិតគ្រឿងញៀនប្រភេទ អាភៀន ក្នុងតំបន់ត្រីកោណមាស។ ប៉ុន្តែការផលិតគ្រឿងញៀន សំយោគ តំបន់ត្រីកោណមាសមានការកើនឡើងទៅវិញ។
*ទី២៖ ទាំងក្នុងតំបន់និងពិភពលោកទាំងមូលបាននឹងកំពុងប្រឈមធ្ងន់ធ្ងរពីការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែ ស្ថានភាពនៃការផលិត កែច្នៃចរាចរ និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសនីមួយៗ និងតំបន់យើងនៅតែមានការកើនឡើង។
*ទី៣៖ ការកើនឡើងនូវការផលិតគ្រឿងញៀនសំយោគទាំងក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល នាំឱ្យយើងអាចវាយតម្លៃបានថា យន្តការ និងនីតិវិធីនៃការគ្រប់គ្រងសារធាតុគីមីផ្សំនៅមានកម្រិតនៅឡើយ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើសុំកិច្ចប្រជុំទាំងមូលពិសេសអង្គការ UNODC ពិនិត្យលើការកែសម្រួលនិង រៀបចំផែនការសកម្មភាព អនុតំបន់ឱ្យសមស្រប និងឆ្លើយតបទិដ្ឋភាព នៃបច្ចុប្បន្នភាព ៣ចំណុច៖

*ទី១៖ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជន អាចបង្វែរ និងនាំសារធាតុគីមី ទៅកាន់តំបន់ត្រីកោណមាស និងធ្វើការផលិតគ្រឿងញៀនបាននៅតាមតំបន់នានា។
*ទី២៖ បញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាពបំផុតគឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលមានការកើនឡើង។
*ទី៣៖ ដោយការបន្តឆ្លងរាលត្បាតនៃជំងឺកូវីដ១៩ គួរបង្វែរ សកម្មភាពជាទ្រឹស្តីមកជាការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ថវិកា មធ្យោបាយ សម្ភារ និងការត្រួតពិនិត្យវាយតម្លៃ៕