(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទូក និងកាណូត ចូលទៅក្នុងលម្ហសមុទ្រ ដោយសារមានខ្យល់រលកធំៗ ដែលនឹងកើតមានឡើង។

លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អភិបាលក្រុងស្រុក តាមព័ត៌មានដែលយើងទទួលបានរសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំ ចឹងខ្ញុំសម្រេចឲ្យផ្អាក ការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលម្ហសមុទ្រ»

ចំពោះអ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធ ការធ្វើដំណើររបស់ភ្ញៀវក៏ត្រូវផ្អាក ការចេញទៅប្រកបរបររបស់ប្រជានេសាទក៏ត្រូវផ្អាក និងស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជូនដំណឹងទៅដល់ក្រុមគ្រួសារ អ្នកដែលនៅលើគោក ឲ្យរកមធ្យោបាយដើម្បីផ្ដល់ព័ត៌មាន ទៅឲ្យប្រជានេសាទ ដែលកំពុងនៅក្នុងលម្ហសមុទ្រ ធ្វើដំណើរទៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ដោយខ្យល់រលកសមុទ្រធំៗ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់១៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងរយៈពេល នៃការព្យាការណ៍អាកាសធាតុនេះ រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង, ខេត្តព្រះសីហនុ និងខេត្តកំពត។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កម្ពុជានឹងទទួលនូវឥទ្ធិពល៖

* ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
* ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង
* ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
* ខ្យល់សមុទ្រ ( Sea Breeze )
* វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕