(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវផែនការឆ្លើយតប និងស្តាប្រទេសពីវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២១-២០២៣ ជាសូចនាករថ្មីមួយ ដើម្បីជួយស្រោចស្រង់ប្រទេសមហាអនុតំបន់ទន្លេមេគង្គចេញពីវិបត្តិជំងឺកូវីដ១៩។ ដើម្បីជម្នះបាននូវឧបសគ្គទាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានស្នើដល់ប្រទេសជាសមាជិកពង្រឹងបន្ថែមទៀតនូវស្មារតីនៃកិច្ចសហប្រតិបត្តិការពហុភាគីនិយម។

កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។ កិច្ចប្រជុំនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយមានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, នាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា និងលោក ម៉ាសាត្សូ៊ហ្គូ អាសាកាវ៉ា ប្រធានធានគារអភិវឌ្ឍន៍អាស៊ី។

ក្នុងកិច្ចប្រជុំកំពូលដែលធ្វើឡើង៣ឆ្នាំម្តងនេះ បានពិនិត្យទៅលើកិច្ចការទាំងឡាយ ដែលបានសម្រេចក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ហើយក៏បានពិនិត្យទៅលើបញ្ហាប្រឈមរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ។ បញ្ហាបម្រែបម្រួលអាកាសធាតុ ការរាតត្បាតនៃជំងឹកូវីដ១៩ ការអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម ត្រូវបានមើលឃើញថា ជាការរាំងស្ទះដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលរួមមានកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងចិន។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចក្នុងពេលបិទកិច្ចប្រជុំថា «យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីនេះ ក្រោមវិបត្តិដ៏ស្មុគស្មាញមួយដែលកើតឡើងពីជំងឺកូវីដ១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ ដែលអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាព សាធារណៈ និងសេដ្ឋកិច្ច។ ឥឡូវនេះទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្តីសង្ឃឹមក៏ដោយ យើងត្រូវវីពឹងទុកថា កិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាយ៉ាងមុតមាំនៅតែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្តារសេដ្ឋកិច្ចរបស់យើងឱ្យមានប្រក្រតីភាពពេញលេញឡើងវិញ»

សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងទៀតថា «យើងកំពុងត្រូវបានព្រមានអំពី [ភាពអាសន្ននៃអាកាសធាតុ] ដោយយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្តែងពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងក៏កំពុងមើលឃើញពីការគំរាម កំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម»

ឆ្លើយតបនឹងវិបត្តិដែលបាននិងកំពុងគំរាមកំហែងដល់កិច្ចប្រឹងប្រែងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រទេសមហាអនុតំបន់ទន្លេមេគង្គមកពីជំងឺកូវីដ១៩នេះ កិច្ចប្រជុំកំពូលនាព្រឹកមិញ បានអនុម័តដាក់ចេញផែនការ «ការឆ្លើយតបទៅនឹងកូវីដ១៩ និងផែនការស្តាឡើងវិញឆ្នាំ២០២១-២០២៣»

សម្តេចតេជោ បានលើកឡើងថា ផែនការឆ្លើយតបទៅនឹងកូវីដ១៩ និងផែនការស្តាឡើងវិញឆ្នាំ២០២១-២០២៣ នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងរយៈពេលខ្លី និងមធ្យម ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត និងពន្លឿនការងើបឡើងវិញ។ ផែនការនេះ ត្រូវរៀបចំឡើងផ្អែកលើអភិក្រមសុខភាពជាគោលដោយផ្តោតសំខាន់លើរាល់សមាសភាពទាំងអស់នៃសុខភាពសាធារណៈ ដូចជាសុខភាពមនុស្ស និងសត្វ ដំណាំ និងទីក្រុងប្រកបដោយសុខភាពល្អ។ ផែនការនេះ ក៏ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើប្រជាជនក្រីក្រ និងងាយរងគ្រោះ ព្រមទាំងធ្វើឱ្យប្រសើរឡើងវិញ នូវការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែនផងដែរ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក្រៅតែពីការដាក់ចេញផែនការយុទ្ធសាស្ត្រ «ការឆ្លើយតបទៅនឹងកូវីដ១៩ និងផែនការស្តាឡើងវិញឆ្នាំ២០២១-២០២៣» ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពី «ក្រមខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់ទន្លេមេគង្គ២០៣០» ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា យុទ្ធសាស្ត្រដែលបានដាក់ចេញ គឺត្រឹមត្រូវ និងត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃយ៉ាងច្បាស់លាស់លើបរិបទតំបន់ និងពិភពលោក ដោយប្រកាន់យកនូវដំណោះស្រាយ ដែលផ្អែកលើចំណេះដឹងជាមូលដ្ឋាន។ តែជោគជ័យលើយុទ្ធសាស្ត្រនេះ អាស្រ័យលើការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការតាមដានវឌ្ឍនភាព និងវាយតម្លៃជានិច្ចនូវស្ថានភាពផ្លាស់ប្ដូរឆាប់រហ័ស និងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងមានតម្លៃគួរឱ្យកត់សម្គាល់លើសពីការរួមបញ្ចូលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួនក្នុងការដោះស្រាយបញ្ហារួម។ ដូច្នេះខ្ញុំសូមជំរុញឱ្យយើងទាំងអស់គ្នា ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើង និងបន្តអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាពដែលមាននៅក្នុងឯកសារពីរ ដែលយើងបានអនុម័តនៅថ្ងៃនេះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ និងតួអង្គទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធផល ដែលសម្រេចបាន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រឥតឈប់ឈរ ដល់កម្មវិធីមហាអនុតំបន់មេគង្គ ដែលបានដើរតួនាទីជាលេខាធិការដ្ឋាន និងជាអ្នកជំរុញកៀរគរហិរញ្ញប្បទាន។

កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គនៅព្រឹកមិញ ក៏បានអនុម័តយល់ព្រមលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលលើកទី៧នេះផងដែរ។ កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅប្រទេសចិន។

សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គលើកទី៨ នឹងទទួលបានការស្វាគមន៍កក់ក្តៅពីមេដឹកនាំចិន៕