(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ នៃអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យសម្រេចលើសំណើសុំវិនិយោគបង្កើតរោងចក្រផលិត ទឹកស្អាតរបស់ក្រុមហ៊ុន ស៊ិន ហ៊ួរ ឡុង វ៉ធើរ ហ៊ិនដាសស្គ្រី (ខេមបូឌា) ឯ.ក។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត ដោយចូលរួមពីសំណាក់អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការ វិនិយោគខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

ក្នុងកិច្ចប្រជុំ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត បានបញ្ជាក់ថា គម្រោងស្នើសុំវិនិយោគសាងសង់នេះ ស្ថិតនៅទីតាំងដីមួយផ្នែកនៃរោងចក្រផលិតទឹកស្អាត JICA ក្រោមការគ្រប់គ្រងដោយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ស្ថិតនៅក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

គម្រោងនេះចំណាយថវិកាមានទឹកប្រាក់ប្រមាណ ១,៣លានដុល្លារ និងអាចមានសមត្ថភាពផលិតទឹកស្អាតបានចំនួន៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ឬមួយឆ្នាំអាចបានប្រមាណ២លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទីផ្សារ ឱ្យអង្គភាពរដ្ឋករទឹកខេត្ត ចែកចាយបន្តដល់ប្រជាពលរដ្ឋ។ គម្រោងនេះទៀតសោត ក៏អាចបង្កើតការងារជូនប្រជាពលរដ្ឋ បានចំនួន៥៤នាក់ និងអាចដំណើរការផលិតបាននៅចុងឆ្នាំ២០២១នេះ។

លោក ជាវ តាយ បានចាត់ទុកថា បញ្ហាទឹកស្អាត ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញទាំងវិស័យរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍផលិត ឲ្យមានបរិមាណច្រើនសម្រាប់បានឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ដោយឡែក គម្រោងវិនិយោគ បង្កើតរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពតមួយនេះដែរ លោកអភិបាលខេត្ត ក៏បានសំដែងការគាំទ្រ និងបានចាត់ទុកជាគម្រោង ដ៏មានសារសំខាន់ក្នុងការរួមចំណែក ជាមួយសមិទ្ធផលផ្សេងៗ ទៀតក្នុងខេត្ត ដើម្បីបានជាប្រយោជន៍ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ទឹកស្អាត ដែលបច្ចុប្បន្នខេត្តកំពត កំពុងត្រូវការបន្ថែមទៀតសម្រាប់ឱ្យប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងខេត្ត។

ទន្ទឹមនេះ អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រុមការងារអនុគណៈកម្មការវិនិយោគខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ព្រមទាំងក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាខិតខំជំរុញយកចិត្ត ក្នុងការរៀបចំកសាងឯកសារដាក់សំណើទៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងត្រូវចូលរួមសហការគ្នា ដោះស្រាយបញ្ហាប្រឈម ដើម្បីបានដំណើរការឱ្យរលូនបានលទ្ធផលជោគជ័យ ស្របតាមលក្ខណៈច្បាប់វិនិយោគ៕