(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដឹកនាំកម្លាំង ចុះកើបកាយប្រមូលសម្រាម ចេញពីប្រឡាយ ដើម្បីអោយទឹកហូលឿន និងលើកទំនប់ទប់ទឹកបង្កាទុកជាមុន កុំអោយទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ។

សកម្មភាពចុះពិនិត្យតាមតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងស្ទើរជារៀងរាល់ថ្ងៃ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាល់នៅតាមសង្កាត់ ដែលប្រឈមនឹងជំនន់ទឹកភ្លៀង រួមមាន៖ សង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់វាលស្បូវ។

ជាក់ស្តែងកាលពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ព្រែកប្រា ចុះបូមទឹកចេញពីភូមិ និងកើបកាយយកកាកសំណល់ផ្សេងៗ ចេញពីលូ ដើម្បីរំដោះទឹកភ្លៀង ដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង។

សកម្មភាពបន្តទៀត លោកអភិបាលខណ្ឌបានចុះពិនិត្យក្រុមការងារសង្កាត់វាលស្បូវ ដែលកំពុងតែលើកទំនប់ព័ន្ធតំបន់ ដែលប្រឈមនិងជំនន់ទឹកភ្លៀង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ។ ការលើកទំនប់នេះបានធ្វើឡើង២-៣ថ្ងៃមកហើយ ដើម្បីបង្កាទុកជាមុនកុំអោយទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំឲ្យមន្ត្រីក្រុមការងារ ជំនាញពាក់ព័ន្ធខណ្ឌសង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយ ចឹងយើងត្រូវបង្កាទុកជាមុនកុំឲ្យជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំយកមកបោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើឲ្យស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។

លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមប្រឡាយ និងតំបន់ជុំវិញ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលឲ្យស្ទះចរន្តទឹក និងបង្កឲ្យមានបរិស្ថានមិនល្អក្នុងតំបន់៕