(កំពង់ធំ)៖ តបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសអនុញ្ញាតឲ្យសាលារៀនមួយចំនួនដែលមានហានីភ័យទាបបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខតទៅ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុខ លូ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរកដំណោះស្រាយកិច្ចការបើកសាលារៀនឡើងវិញនោះឯង។

លោកអភិបាលខេត្តបានឱ្យដឹងថា ដើម្បីបើកដំណើរការសាលារៀនឡើងវិញបាន អាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល រីឯលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗ ត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធដើម្បីធ្វើអនាម័យបន្ទប់រៀន មុនពេលចាប់ផ្តើមអនុញ្ញាតឲ្យសិស្សចូលសិក្សាឡើងវិញ និងត្រូវត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កម្ដៅជាដើម។ សម្ភារៈទាំងអស់នេះបានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងពីសិស្សផង។

លោកអភិបាលខេត្តកំពង់ធំបានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ មេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀននោះឡើយ។

លោកបានបន្តទៀតថា បើតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ បានតម្រូវឲ្យសិស្សថ្នាក់ទី៩ និងទី១២ ចូលរៀនមុនគេតាមជំហានៗ ព្រោះសុទ្ធតែជាថ្នាក់ប្រលង និងជំហានក្រោយទៀត សម្រាប់សិស្សទាំងឡាយណាដែលស្ថិតនៅតំបន់គ្មានហានិភ័យ។ ចំពោះសិស្សដែលមានលទ្ធភាព ត្រូវរៀនតាមប្រព័ន្ធអនឡាញទៅតាមទីកន្លែងជាក់ស្តែង។

តាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន ៧៩៧គ្រឹះស្ថាន ក្នុងនោះមានថ្នាក់រៀនសរុប ៤,៩០៦ថ្នាក់ ជាមួយនឹងចំនួនសិស្សានុសិស្ស ១៥៥,៩៣៣នាក់ (ស្រី ៧៩,៣០៧នាក់)។

ជាមួយគ្នានោះ លោកអភិបាលខេត្ត សុខ លូ ក៏បានជំរុញឲ្យអាជ្ញាធរក្រុង-ស្រុកត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋតាមភូមិដែលអាយុចាប់ពី១២ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីឲ្យពួកគាត់បានចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕