(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តអញ្ជើញ ចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វ័យចាប់ពីអាយុ៦០ឆ្នាំឡើង នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ផ្លូវ៣៦៤ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង។

លោក ធឹម សំអាន បានឲ្យដឹងថា នៅមណ្ឌលសុខភាពទួលស្វាយព្រៃ មានមន្ត្រីរាជការ គ្រូបង្រៀន និងបុគ្គលិក ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជាច្រើននាក់។ លោកអភិបាលបន្តថា ស្របពេលនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក៏បានទទួលការចាក់វ៉ាក់សាំង ជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំ ទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ ផងដែរ។

លោក ធឹម សំអាន បានបញ្ជាក់ថា មន្ត្រីរាជការចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩ កញ្ញា ហើយសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ ឬដុសជម្រុញ នៅថ្ងៃទី០៩ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

លោកអភិបាលខណ្ឌបឹងកេងកង ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាក់សាំងដូសទី៣ ខាងលើនេះ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង តាមការបែងចែក និងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះ ជាវ៉ាក់សាំង ដែលបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យបងប្អូនជៀសផុត ពីការឆ្លងរាលដាលជំងឺ១៩។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក៏បានសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជុំរុញ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ កញ្ញា គឺបានជម្រុញអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ ដែលបានចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាត រយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕