(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានធ្វើពិធីប្រគល់បណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ដុសទាំងទី២ រួចជូនព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ និយោជិត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋទទួលបានបណ្ណចាក់វ៉ាក់សាំងនេះ គឺជាប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១ នៅថ្ងៃទី១៤ ខែកក្កដា និងដុសទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា កងពលតូចថ្មេីរជេីងលេខ៥១ បានជ្រេីសរេីសបែងចែកបណ្ណចាក់វ៉ាក់សាំង ទៅតាមភូមិ ឃុំ ដែលជាក់ស្តែង ហេីយបានចាត់តាំងក្រុមការងារចុះផ្តល់បណ្ណនេះឱ្យបានគៀកទីតាំងពលរដ្ឋរស់នៅ។

លោកឧត្តមសេនីយ៍ត្រី បានរំលឹកប្រជាពលរដ្ឋថា បណ្ណចាក់វ៉ាក់សាំង អាចនឹងមានភាពចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ។ ហេតុដូចនេះ លោកបានស្នើឱ្យប្រជាពលរដ្ឋក្រោយបានបណ្ណហើយ ត្រូវទុកដាក់ឱ្យបានគង់វង្ស ដើម្បីប្រើប្រាស់ក្នុងភាពចាំបាច់ទៅថ្ងៃខាងមុខ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋដែលបានមកទទួលបណ្ណចាក់វ៉ាក់សាំង ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នូវវិធានការ «៣កុំ ៣ការពារ» ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ បើទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយនោះ។

ក្នុងឱកាសនោះលោកមេបញ្ជាការ សឹង្ហ ទុំ ក៏សុំការអធ្យាស្រ័យចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងស្រុកព្រះនេត្រព្រះទាំងអស់ ដែលពុំទាន់ទទួលបានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩។ ក្រុមការងារចាក់វ៉ាក់សាំង នឹងទាក់ទងតាមប្រព័ន្ធទូរស័ព្ទ ឬអាជ្ញាធរដែលមាននៅក្នុងកាតចាកវ៉ាក់សាំង៕