(​សេ​អ៊ូ​ល​)៖ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​ចេញ​នូវ​នយោបាយ​ដឹកនាំ​ដ៏​ច្បាស់លាស់​មួយ អំឡុង​ពេល​សមាជ​កំពូល​របស់​គណបក្ស នៅ​ខែ​ឧសភា ខាងមុខ នេះ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣៦​ឆ្នាំ​មកហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន Channel News Asia នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​។​

​អ្នកជំនាញ​ខាង​វិភាគ​ស្ថានការណ៍​កូរ៉េខាងជើង នៅ​កូរ៉េ​ខាងត្បូង​បាន​អះអាង​ទៀតថា កូរ៉េខាងជើង​ទំនង ជា​នឹង​ប្រារព្ធ​សមាជ​កំពូល​ដ៏​កម្រ​បំផុត​នោះ​ឡើង ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង សេដ្ឋកិច្ច​ស្របពេល​ជាមួយគ្នា​តែម្តង​។ វា​ក៏​ជា​ការបង្ហាញ​ពី​សម័យកាល​ដឹកនាំ​របស់​ត្រកូល គីម ជំនាន់​ទី​បី សម្រាប់​សមាជ​បក្ស​លើក​ទី​៧ ដើម្បី​បង្ហាញ​ថា កូរ៉េខាងជើង​នៅ​តែ​ប្រកបដោយ​ជោគជ័យ និង ភាព​ត្រចះត្រចង់ ជានិច្ច​ក្រោម​ការដឹកនាំ​របស់​ត្រកូល​គីម​។​

​គួរបញ្ជាក់​ថា របប​ដឹកនាំ​កូរ៉េ​ខាងជើង​ពី​ជំនាន់​ទី​មួយ​មក បាន​ឈរ​លើ​គោលនយោបាយ​មួយ​ឈ្មោះថា Byongjin ដែល​ជា​នយោបាយ​ជម្រុញ​ទឹកចិត្ត​ពុះពារ​របស់​ប្រជាជន​គ្រប់ៗ​រូប​ឲ្យ​ស្រឡាញ់​ប្រទេសជាតិ កាន់តែខ្លាំង តែ​យក​វិស័យ​យោធា​ជាធំ និង​បន្ទាប់មក​គឺ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​សេដ្ឋកិច្ច​ជាតិ​។ កូរ៉េខាងជើង នឹង​រៀបចំ​សមាជ​ខាងលើនេះ តាម​ការគ្រោងទុក បើ​ទោះបីជា​ខ្លួន​កំពុង​ប្រឈមមុខ​នឹង ទណ្ឌកម្ម​ជុំជិត​ពី​អន្តរជាតិ​យ៉ាងណាក៏ដោយ​៕