(ភ្នំពេញ)​៖ ឃាតកជនជាតិ​វៀតណាម ​ដែល​ធ្វើ​សកម្មភាព​សម្លាប់​ រួច​រំលោភ​សេពសន្ថវៈ​ ក្មេង​ស្រី​អាយុ​១៥ឆ្នាំ​ ត្រូវបាន​លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើប​សួរ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ មាន​ស្ថានទម្ងន់​ទោស​ទាក់​ទង ​នឹង​ជនរងគ្រោះ​ តាម​មាត្រា​២០២​ នៃក្រម​ព្រហ្មទណ្ឌ​។  បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ជនត្រូវចោទ​មាន​ឈ្មោះ​ ដាង​ យ៉ាំង​ដូ​ ហៅ​រីដូ​ ហៅ​ ភ័ក្រ​ ហៅ​ធា​ ជនជាតិ​វៀតណាម​ អាយុ​២១ឆ្នាំ​ ត្រូវបាន​នគរបាល​ខណ្ឌ​មានជ័យ ​សហការ​ជាមួយ​នគរបាល​ស្រុក​គីរីវង់​ ខេត្ត​តាកែវ​ ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៦​ បន្ទាប់ពី​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ នៅចំណុច​ច្រាំង​ទន្លេ​បាសាក់​ ផ្លូវ​លំ​ ក្រុម​ទី​២៨​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ។

តាម​ចម្លើយ​សារភាព​របស់​ឃាតករ មូលហេតុ​ ដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​រួច​រំលោភ​នេះ​ ដោយសារ​ខឹង​ជនរងគ្រោះ​ដើរមក​ប៉ះ​ហើយ​ជេរ​ស្ដីបន្ទោស​ទើប​ខឹង​ ក៏​ចាប់​ច្របាច់ក​សម្លាប់​​រួច​រំលោភ​​ជា​ក្រោយ។

គួរ​រំលឹក​ថា កាលពី​វេលា​​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ម្នាក់​ស្លាប់​ទាំង​អាក្រាត​កាយ ​នៅ​ចំណុច​ជាប់​ច្រាំងទន្លេ​បាសាក់​មុខ​វត្ត​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុង​ក្រុម​៣៨ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្រោយ​មក​ទើប​គេ​ដឹង​ថា ក្មេង​ស្រី​នោះ​មាន​ឈ្មោះ​ស្រី​ពៅ អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ស្រុកកំណើត ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ហើយ​បាន​មកលេង​ផ្ទះ​ឪពុកមា​ បាន​មួយថ្ងៃ​ ក៏​ត្រូវ​បាន​ឃាតក​សម្លាប់​រួច​រំលោភ​​យក​ទៅ​ប្លុង​ចោល​តែម្ដ​ង​ ៕