(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សម្អាតអនាម័យ បរិស្ថាន បាញ់ថ្នាំសម្លាប់មេរោគផ្សេងៗនៅក្នុងបរិវេណសាលា តាមបន្ទប់រៀននានានៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ក្រោយសិស្សានុសិស្សខកខាតមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា នេះជាសកម្មភាពសំខាន់តបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តដោយជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានលើកឡើងថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ អាចបើកសាលារៀនឲ្យសិស្សានុសិស្ស បានចូលរៀនវិញ ពិសេសនៅកន្លែងដែលមានហានិភ័យទាប។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណសាលាឲ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមថ្នាក់រៀននៃសាលាបន្ថែមទៀត នៅពេលធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារៀនមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល យកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជានៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរសែនសុខ ជាដើម។

ជាក់ស្តែង មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៉ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះ ឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕