(ភ្នំពេញ)៖​ បុរសស្រវឹងស្រាម្នាក់បានបើករថយន្ត​ សេរីទំនើបមួយគ្រឿង​ម៉ាក RANGE ROVER ទៅបុកដើមឈើមួយដើមបណ្តាលឲ្យដាច់​ នៅចំនុច​ផ្លូវព្រះសីហនុ ត្រង់របងអាគារ៤២ជាន់​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន​ នាម៉ោង១២៖៤០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​ ។

ភ្នាក់ងារព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងកើតហេតុខាងលើគេបានឃើញបុរសវ័យក្មេងស្រវឹងម្នាក់ បានបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក​ ​​Range Rover ពណ៌ស ស្លាកលេខភ្នំពេញ៖ 2AQ-8388 តាមផ្លូវ​ព្រះមនីវង្ស លុះបើកមកដល់ចំនុចកើតហេតុ ត្រង់ផ្លូវបំបែកទៅផ្លូវព្រះសីហនុ ក៏ជ្រុលចង្កូតទៅបុក​ ដើមឈើដែលដុះនៅអែបរបង​ អាគារ៤២ជាន់បណ្តាលឲ្យដាច់តែម្តង​ ចំនែករថយន្តវិញ​ គឺដាច់កង់ខាងឆ្វេងនៅកន្លែងបុកតែម្តង​ ភ្លាមនោះបុរសដែលស្រវឹងមិនបានឈប់ទេគឺព្យាយាមបើករថយន្ត ទាំងដាច់កង់ខាងឆ្វេងរត់មកដល់វិមានឯករាជ្យទើបចាប់បាន​ និងឃាត់ខ្លួនបុរសដែលស្រវឹងបើករថយន្តនោះផងដែរ​ ។

ចុងក្រោយទាំងអ្នកបើកបររួមជាមួយ និងរថយន្តត្រូវបានបញ្ជួនទៅកាន់ការិយាល័យចរាចរណ៌ក្រុងភ្នំពេញ​ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់​។