(ភ្នំពេញ)៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីនិងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជានិងអូស្រ្តាលី។

ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ កំណែទម្រង់រដ្ឋបាលសាធារណៈរួមមាន ការគាំទ្រលើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សេវាសាធារណៈ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ និងការរៀបចំផែនការនិរន្តរភាព ការងារក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចំពោះជំនួយរបស់ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់វិស័យសុខភាពសាធារណៈរបស់កម្ពុជា ពិសេសជំនួយផ្នែកសុខាភិបាល សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់ការសិក្សានៅអូស្ត្រាលី។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានផ្លាស់ប្ដូរមតិជុំវិញខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយបានធ្វើការកត់សម្គាល់ ពីការជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជាឱ្យសម្រេចបានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះឡើង ហើយដែលបានរួមចំណែក ដល់បុព្វហេតុសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា។

លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានរំលឹកគូសបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចកើតមានបានឡើយ ប្រសិនជាគ្មានការវាយផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត ហើយកិច្ចព្រមព្រៀងនេះ ក៏មិនអាចសម្រេចជោគជ័យបានឡើយ ប្រសិនជាគ្មានការចូលរួមគោរពអនុវត្ត ដោយស្មោះស្ម័គ្រពីភាគីប្រដាប់អាវុធកម្ពុជាទាំងឡាយ ពិសេសភាគីដ៏សំខាន់មួយ ដែលមិនអាចខ្វះបានគឺភាគីរដ្ឋកម្ពុជា។

ជាចុងក្រោយនៃជំនួបនេះទាំង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈ នឹងបន្តរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាង សម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងអូស្រ្តាលី៕