(ភ្នំពេញ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក«ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម»និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងជាព្រះចៅអធិការ វត្តគិរីធម្មរាជ ខេត្តកំពង់ឆ្នាំង និងជាប្រធានមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម បាននាំយកអំណោយរបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេសចុះប្រគេនជូនព្រះសង្ឃចំនួន ១៥៨អង្គ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីជួយសម្រួលការលំបាក។

មានសង្ឃដីកា ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានសង្ឃដីកា បញ្ជាក់ថា អំណោយ ទេយ្យទាន ដែលបានយកទៅប្រគេនជូនព្រះសង្ឃ ទាំង១៥៨អង្គនេះ គឺបានមកពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមតាមរយៈមូលនិធិមនុស្សធម៍ ដើម្បីសាសនានិងសង្គម ដើម្បីចូលរួមជួយដល់ព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល១ត្រីមាស និងកំពុងតែជួបប្រទះនូវជំងឺកូវីដ១៩ ដែលកំពុងត្រូវការចង្ហាន់។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកា បន្ថែមថា សម្រាប់រយៈពេលពេញមួយខែសីហានេះ ព្រះអង្គបាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃគង្គនៅ
វត្តសារាវន័តេជោ ភ្នំពេញ ចំនួន ៨៧អង្គ, វត្តសង្កែ ខេត្តបាត់ដំបង ចំនួន៣៧អង្គ, វត្តសូរភី ខេត្តបាត់ដំបង ចំនួន ២៧អង្គ ដោយក្នុងមួយអង្គទទួលបានក្នុង១អង្គ ទទួលបានអង្ករ៥០គីឡូក្រាម និងបច្ច័យបួន១០ម៉ឺនរៀល។

ព្រះអង្គបានបន្តថា តាមរយៈមូលនិធិមនុស្សធម៍ដើម្បីសាសនា និងសង្គមនេះ ព្រះអង្គនឹងបន្តនាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសនេះ ចុះប្រគល់ជូន ព្រះសង្ឃ នៅតាមបណ្តា វត្តផ្សេងៗឱ្យបានកាន់តែច្រើនវត្តបន្ថែមទៀត និងបានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕