(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យទីតាំងក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដើម្បីត្រៀមលក្ខណៈបើកផ្លូវបន្ថែមទៀត និងឈានទៅវាស់វែងកំណត់ព្រំក្បាលដីឡូត៌ ដើម្បីចែកជូនប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ តាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការចុះត្រួតពិនិត្យក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះ ក៏មានការរួមអមដំណើរដោយលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌផងដែរ។ លោកអភិបាលថ្មីខណ្ឌឬស្សីកែវ បានចុះសំណេះសំណាលមើលការផ្ដល់សេវាសាធារណៈ និងសួរសុខទុក្ខ ព្រមទាំងឆ្លៀតឧបត្ថម្ភ ក្រមា, អាកុល, ម៉ាស និងឧបករណ៍វាស់កំដៅ ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីសង្កាត់ និងថ្នាក់ដឹកនាំភូមិ ស្ថិតនៅរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន ក្រៅពីសកម្មភាពសមធម៌ និងត្រួតពិនិត្យទីតាំងក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដើម្បីត្រៀមពុះចែកដីឡូត៌ និងបើកផ្លូវជូនប្រជាពលរដ្ឋ៦៥គ្រួសារ, លោកក៏បានជុំរុញបន្ថែមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណា ចលនាប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ: បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕