(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញឯកសារចាំបាច់មួយចំនួន ដែលតម្រូវឲ្យប្រជាពលរដ្ឋភ្ជាប់មកជាមួយ នៅពេលត្រូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីកុំឲ្យខ្វះខាតឯកសារ។

ប្រសិនបើប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហួសសុពលភាពក្នុងការប្រើប្រាស់ និងគ្រប់អាយុចាប់ពី១៥ឆ្នាំឡើង សូមទៅធ្វើថ្មីនៅតាមអធិការដ្ឋាននគរបាលខណ្ឌ, ប៉ុស្ដិ៍នគរបាលរដ្ឋបាល, នៅជាន់ទី២ នៃផ្សារទំនើបអ៉ីអន២ សែនសុខ ឬការិយាយល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយនូវ៖

* សេចក្ដីចម្លងសំបុត្រកំណើត, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន
* សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួន
* ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។

ដោយឡែក សម្រាប់សៀវភៅស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវ៖

* សេចក្ដីចម្លងសំបុត្រកំណើត, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
* សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)
* លិខិតអនុញ្ញាតិផ្លាស់ប្ដូរទីលំនៅពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ទីកន្លែងដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្ដូរទីកន្លែងរស់នៅ)។

សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើសៀវភៅគ្រួសារ សូមភ្ជាប់មកជាមួយនូវ៖

* សៀវភៅស្នាក់នៅ
* សេចក្ដីចម្លងសំបុត្រកំណើត, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
* សំបុត្រអាពាហ៍ពិពាហ៍។

សូមជម្រាបថា ក្នុងករណីយឺតយ៉ាវប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ 069 516 999, 012 916 208៕